(កំពង់ស្ពឺ)៖ កសិករដែលជាអ្នកចិញ្ចឹមសត្វមាន់ក្នុងស្រុកជាច្រើនកសិដ្ឋានបានឲ្យដឹងថា សត្វមាន់ដែលពួកគាត់ចិញ្ចឹម ធ្លាក់តម្លៃទាបបំផុតដោយក្នុង១គីឡូក្រាម តម្លៃត្រឹមតែ ១៥០០រៀលខុសប្រកតី ដែលពីមុនពួកគាត់លក់បានតម្លៃ ប្រមាណជាង ៤០០០រៀល។
មិនតែប៉ុណ្ណោះ ពួកគាត់បន្ថែមថា ឥឡូវនេះគ្មានអ្នកទិញថែមទៀតផង ដែលធ្វើឲ្យកសិករខាតយ៉ាងធ្ងន់ធ្ងរ។ ប្រការនេះធ្វើឲ្យអ្នកចិញ្ចឹមមាន់ខាងលើ បានទទូចឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមហ៊ុន និងជំនាញពាក់ព័ន្ធជួយរកទីផ្សារឲ្យពួកគាត់ផង។
តាមការឲ្យដឹងពីលោក អូក សុខជា អាយុ៥០ឆ្នាំ, លោក ជៀក ឆូយ អាយុ៣៨ឆ្នាំ, និងលោក ម៉ី ប៊ុន អាយុ៣១ឆ្នាំ ជាកសិករចិញ្ចឹមមាន់ជាកសិដ្ឋាន ដែលរស់នៅភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺថា ចាប់តាំងពីពួកគាត់ចិញ្ចឹមមាន់មក ទើបតែនៅក្នុងខែកុម្ភៈ និងក្នុងខែមីនា ឆ្នាំ២០២១នេះទេ ដែលតម្លៃមាន់ចិញ្ចឹមយកសាច់របស់ពួកគាត់ ធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់១៥០០រៀល ក្នុង១គីឡូក្រាម។ ពួកគាត់ថ្លែងថា បើប្រៀបធៀបជាមួយពេលកន្លងទៅ លក់បានតម្លៃចាប់ពី ៤០០០រៀល រហូតដល់ ៦០០០រៀលក៏មានដែរ។
ម្ចាស់កសិដ្ឋានដដែលបន្តថា ការធ្លាក់ថ្លៃបែបនេះពួកគាត់ក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ គ្មានអ្នកទិញថែមទៀតផង។ ប្រការនេះ ធ្វើឲ្យពួកគាត់ខាតបង់ក្នុង១រោង មិនក្រោម ៣ ទៅ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះឡើយ។
ដោយសារតែការចំណាយរបស់ពួកគាត់ច្រើន គិតពីការចាប់ដាក់កូនមាន់ ក្នុង១ក្បាល តម្លៃ ២០០០រៀល ក្នុង១រោងចិញ្ចឹមបាន ១៥០០០ក្បាលរហូតដល់ ២០០០០ក្បាល តាមរោងតូចរោងធំ មិនតែប៉ុណ្ណោះការចិញ្ចឹមតាមធម្មតា មានរយៈពេល ៣០ទៅ ៤០ថ្ងៃ គឺប្រមូលចាប់លក់អស់ហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ មាន់របស់គាត់ធ្លាក់ថ្លៃ ១៥០០រៀល គ្មានអ្នកទិញទៀត ហើយមាន់កើតអាយុ រហូតដល់ ៥០ទៅ ៦០ថ្ងៃហើយដែរ។
ពួកគាត់ប្រឈមការខាតបង់ខ្លាំងណាស់ ដោយចំណាយលើចំណីមាន់ ទឹក ភ្លើង និងប្រាក់ខែកម្មករ។ ពួកគាត់ធ្វើការសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រុមហ៊ុនជួយពង្រឹងតម្លៃក្នុងស្រុក និងឲ្យជួយពង្រឹងទីផ្សារ សម្រាប់កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ក្នុងស្រុកដូចពួកគាត់។
កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ដែលមិនអាចរកទីផ្សារបាន ស្ថិតក្នុងភូមិរំដោះថ្មី ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានឈ្មោះ ទន់ ឈីវ, ឈ្មោះ ជៀក ឆូយ, ឈ្មោះ ជីវ សំណាង, ឈ្មោះ ម៉ី ប៊ុយ, ឈ្មោះ ជៀក គឹមលី, ឈ្មោះ គីម កិច, ឈ្មោះ គីម កេ, និង ឈ្មោះ ណៃ ណាវី ។ កសិដ្ឋានខាងលើ បានសល់សត្វមាន់ប្រមាណជាង ៣០ ម៉ឺនក្បាល ត្រូវបានកកស្ទះគ្មានទីផ្សារ ដែលមាន់ក្នុងមួយក្បាលមានទម្ងន់ចន្លោះពី ៣-៤ គីឡូក្រាមហើយ ។
កសិករបានបញ្ជាក់ថា សត្វមាន់គ្មានទីផ្សារទាំងអស់កើនឡើងធំៗខុសទម្ងន់ ដែលធ្វើឲ្យមាន់កាន់តែមានតម្លៃទាបខ្លាំង។ កសិករបានបន្ថែមថា ក្នុងមួយទ្រុងមានមាន់ចំនួន ១៥០០០ក្បាល ហើយទ្រុងខ្លះមានចំនួន ២ម៉ឺនក្បាល ហើយត្រូវការចំណាយចាប់ម្តង ត្រូវអស់ពី ៣ទៅ ៤ម៉ឺនដុល្លារ បើសិនជាគ្មានទីផ្សារទុកយូរដូចបច្ចុប្បន្ន។
កសិករម្ចាស់កសិដ្ឋានបានលើកឡើងថា «គួរណាស់តែរដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយយកចិត្តទុកដាក់ដល់ម្ចាស់កសិដ្ឋាន ដែលរងគ្រោះខាងលើនេះ ពីព្រោះទម្រាំចិញ្ចឹមបានសាច់យកលក់លើទីផ្សារ គឺចំណាយច្រើន ភាគច្រើនខ្ចីលុយពីធនាគារ ដើម្បីប្រកបរបរមួយនេះ»។
ពាក់ព័ន្ធនឹងការទទូចរកទីផ្សាររបស់កសិករចិញ្ចឹមមាន់ខាងលើនេះដែរ លោក ឌី សែនកុសល ប្រធានការិយាល័យកសិកម្មស្រុកបសេដ្ឋ បានឲ្យដឹងថា កសិករម្ចាស់កសិដ្ឋានទាំងអស់ ពិតជាមានសល់សត្វមាន់ចិញ្ចឹមប្រមាណ ៣០ម៉ឺនក្បាល ដែលកំពុងខ្វះទីផ្សារសម្រាប់លក់ចេញ។
លោកប្រធានបានបន្ថែមថា គួរណាស់គ្រប់ភាគីពាក់ព័ន្ធសម្របសម្រួល ស្វែងរកទីផ្សាជូនគ្នាទៅវិញទៅមក ដោយលោកឧទាហណ៍ថា កសិករចិញ្ចឹមមាន់ទិញចំណីពីក្រុមហ៊ុន មកចិញ្ចឹមមាន់ ហើយសាច់មាន់ត្រូវលក់ឲ្យដេប៉ូសាច់ ត្រូវមានតម្លៃសមរម្យឲ្យគ្នាចំណេញដូចគ្នា៕