(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយព្រមានដល់ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍ ឲ្យបញ្ឈប់ការធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែមីនានេះ។

ក្រសួងបានបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍គ្រប់រូប តម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដាច់ខាត ដើម្បីប្រកបអាជីវកម្ម។

នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរពបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ។ ម្ចាស់អាជីវកម្មខ្លះកំពុងប្រកបអាជីវកម្មរបស់ខ្លួន ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទង្វើនេះផ្ទុយទៅនឹងបទប្បញ្ញាត្តិនៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។ «ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាបណ្ណអាចនឹងត្រូវបញ្ឈប់អាជីវកម្មដោយបន្ទាន់ និងត្រូវពិន័យជាប្រាក់ពី ៥ ០០០ ០០០រៀល ដល់ ១០ ០០០ ០០០ (ដប់លាន)រៀល ករណីមិនរាងចាលនឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ»។

ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ ប្រកបដោយប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព សណ្ដាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងវិស័យប្រៃសណីយ៍ទាំងអស់ ចូលរួមសហការដូចខាងក្រោម៖

១៖ ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានអាជ្ញាបណ្ណសម្រាប់ស្នាក់ការកណ្តាល និងលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមកកាន់អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

២៖ ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខា ដែលមានទីតាំងតាមបណ្តាខេត្ត ត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ខេត្ត ដែលសាខានោះតាំងនៅ។

ម្ចាស់អាជីវកម្មដែលមិនទាន់បានបំពេញ តាមបទប្បញ្ញាត្តិខាងលើ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាត យ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត៕