(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាម សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង ៤លើក មានចំនួន ៣,៧០០,០០០ដុល្លារសហរដ្ឋអាមេរិក៕