(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅទីស្ដីការក្រសួងសុខាភិបាល។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជេីញចូលរួមដោយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ។
ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន ០៦ជំពូក និង១៨មាត្រា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕