(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២ សម្រាប់ការសិក្សា គឺឲ្យមានការរៀនសូត្រជាបន្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩។
លោក រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំ បង្វែបញ្ហាប្រឈមដោយសារកូវីដ-១៩ ឲ្យក្លាយជាឱកាសពង្រឹង ការអប់រំបែបឌីជីថល ដែលស្ថិតក្នុងផែនការ យុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩-២០២៣។ ក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ដោយតម្រូវឲ្យរៀន និងបង្រៀនតាមគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។
លោក រស់ សុវាចា បានបញ្ជាក់ថា ជារួមសិស្សានុសិស្សត្រូវរៀនតាមកម្មវិធីសិក្សាបង្រួញ តាមរយៈការអប់រំបែបចម្រុះគឺ សិស្សរៀនក្នុងថ្នាក់ផង រៀនពីចម្ងាយផង ធ្វើស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការ និងមេរៀនសង្ខេប។ នៅទីតាំងភូមិសាស្រ្ត ដែលបានផ្អាកដំណើរការសាលារៀន ជាបណ្តោះអាសន្នត្រូវអនុវត្តន៍ការរៀន និងបង្រៀនតាមអនឡាញ។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព ដែលមានជាធរមាន។
លោកថា គុណភាពអប់រំ ជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំ អាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
អ្នកនាំពាក្យក្រសួងអប់រំ បន្ដថា ក្នុងន័យនេះ ក្រសួងអប់រំ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈគ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមាន ជាមួយគ្រប់ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងគ្រប់តួអង្គពាក់ព័ន្ធ។ ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយ ក្នុងការជួយពង្រឹងការរៀនសូត្រ មុននិងក្នុងបរិការណ៍កូវីដ-១៩។
ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវ ដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀនសូត្រ តាមអនឡាញ ការអាន និងគ្រប់ទម្រង់រៀនសូត្រ តាមគន្លងថ្មីនៃវិស័យអប់រំ។ ជាក់ស្តែង មាតាបិតាគួរចំណាយពេលនៅក្បែរកូន ដើម្បីឲ្យកូនអានឲ្យស្តាប់នៅផ្ទះ ដោយជ្រើសរើសសៀវភៅអាន រឺខ្លឹមសារឌីជីថលដែលកូនចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម៕