(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន៤ករណីទៀត ស្មើ៣ទីតាំង និងមានអ្នកពាក់ព័ន្ធចំនួន៦នាក់ផ្សេងទៀត បាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ខណៈកើនឡើង៩កន្លែងហើយ ក្រោយទីតាំងចត្តាឡីស័ក២កន្លែង (ផ្ទះអ្នកជំងឺកូវីដ១៩) ឈ្មោះ ឡាយ គា និងឈ្មោះ Ho Ming Jie ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបើកដំណើរការឡើងវិញ។
ជាមួយការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣ទីតាំងទៀត និងការបើកឲ្យដំណើរការជាសាធារណៈឡើងវិញនូវទីតាំងចត្តាឡីស័ក (ផ្ទះអ្នកជំងឺកូវីដ១៩) ២កន្លែងនេះ, ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ជា ពិសី បានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិតមួយតាមគណនីឈ្មោះ Sep Lacy ដែលបានបង្ហោះផ្សព្វផ្សាយថា នៅសង្កាត់ច្រាំងចំរេះទី២ «មានការឲ្យដំណឹងមកថា អាជ្ញាធរខណ្ឌឫស្សីកែវ កំពុងចុះប្រតិបត្តិការពិនិត្យករណីសង្ស័យមានកូវីដ១៩ ម្ដុំផ្លូវអាងទឹកគីឡូលេខ៧ សូមមេត្តាប្រុងប្រយ័ត្នអ្នកគីឡូ ៧, ៨, និង ៩»។
លោក ជា ពិសី បានឲ្យដឹងថា ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំនួន០៤នាក់ ស្មើនឹង០៣ទីតាំងបន្ថែមទៀត រួមមានដូចខាងក្រោម៖
*ស្ត្រីអាយុ៣៤ឆ្នាំ
*បុរសអាយុ៣៥ឆ្នាំ
*ស្ត្រីអាយុ៣១ឆ្នាំ់
*ស្ត្រីអាយុ៣៩ឆ្នាំ។ អ្នកពាក់ព័ន្ធ៦នាក់ ដែលមានកុមារ៣នាក់ផងដែរ ត្រូវបានគ្រូពេទ្យយកសំណាក និងបញ្ជូនទៅកាន់អតីតសណ្ឋាគារ The Great Duke ហើយសម្រេចបិទទីតាំងបណ្ដោះអាសន្នចំនួន៣កន្លែង ទាំងផ្ទះ និងបន្ទប់ជួល ស្ថិតនៅក្រុមទី៣-ក្រុមទី៤ ភូមិស្ពានខ្ពស់ និងស្ថិតនៅផ្ទះលេខ២៣ដេ ផ្លូវលេខ៩៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
នៅយប់ដដែលនេះ រដ្ឋបាលខណ្ឌ ក៏បានចុះបើកឲ្យដំណើរការជាសាធារណៈឡើងវិញនូវទីតាំងធ្វើចត្តាឡីស័ក (ផ្ទះអ្នកជំងឺកូវីដ១៩) ១កន្លែងផងដែរ ក្រោយពីបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលមានឈ្មោះ Ho Ming Jie ស្ថិតនៅក្រុមទី១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។
សូមជម្រាបថា សម្រាប់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ មានទីតាំងចត្តាឡីស័កចំនួន០៩កន្លែងហើយ ក្រោយពីបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ៤ករណី ស្មើនិង៣ទីតាំងបន្ថែមទៀត រួមមាន
*សម្រាប់សង្កាត់ទួលសង្កែទី២គឺ៖ ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
*ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ដែលមានអ្នកអាយុ៤០ឆ្នាំ មុខរបរតន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)
*សង្កាត់ឫស្សីកែវ គឺផ្ទះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
*សង្កាត់គីឡូម៉ែត្រលេខ៦ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ដែលមានអ្នកជម្ងឺឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ មុខរបរតារាចម្រៀង និងមានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)
*ផ្ទះឈ្មោះ ឡាយ គា ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦
*ឈ្មោះ Ho Ming Jie ផ្ទះលេខ១០៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។ តែចំនួន២ទីតាំងនេះ អាជ្ញាធរបានសម្រេចបើកឲ្យដំណើរការជាសាធារណៈឡើងវិញហើយ ក្រោយពីបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) កាលពីរសៀលថ្ងៃទី០៩ និងយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១៕