(ក្រចេះ)៖ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា មន្ទីរសុខាភិបាលខេត្ត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopham (ស៊ីណូហ្វាម) របស់ចិន លើកទី១ ជូនដល់មន្ត្រីនៃមន្ទីរសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីរាជការក្នុងខេត្តក្រចេះ បានចំនួន៣,១២៨នាក់ ក្នុងនោះស្រី ១,១៥០នាក់។

បើតាមលោក ឈ្នាង សុវុត្ថា ខេត្តក្រចេះ បានរៀបចំមណ្ឌលចក្ត័តាឡីស័ក្ត ៥កន្លែងរួមមាន៖

*មន្ទីរពេទ្យបង្អែកខេត្ត
*មន្ទីរពេទ្យបង្អែកស្រុកឆ្លូង
*មន្ទីរពេទ្យបង្អែកស្រុកស្នួល
*សណ្ឋាគា ហេង ហេងត្រពាំងស្រែ
*មណ្ឌលចក្ត័តាឡីស័ក បឹងហ្គាឡូក្រុងក្រចេះ។ ក្នុងនោះមានពលករមកពីប្រទេសថៃ ចំនួន៥៥នាក់ និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ» ចំនួន ៧២នាក់ និងអ្នកជំនាញវៀតណាម ៤៥៣នាក់។

ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា នៅតាមបណ្តាឃុំ សង្កាត់មួយចំនួនក្នុងខេត្តក្រចេះ គេសង្កេតឃើញសង្កាត់អូរឬស្សី ក្នុងក្រុងក្រចេះ និងឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ បានចេញសេចក្តី ប្រកាសជូនដំណឹងស្ដីពីការផ្អាកកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗជាបន្តបន្ទាប់ ខណៈដែលរដ្ឋបាលខេត្តក្រចេះ នៅមិនទាន់ចេញសេចក្តីប្រកាសនៅឡើយ។ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្នុងស្រុកមួយចំនួនក្នុងខេត្តក្រចេះ នៅមិនទាន់ប្រកាសជូនដំណឹងឱ្យផ្អាកកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឡើងគេហដ្ឋាន និងកម្មវិធីផ្សេងនៅឡើយទេ។

សូមបញ្ជាក់ថា ខេត្តក្រចេះ សម្រាប់អ្នកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមិនទាន់មានឆ្លងជំងឺអ្នកកូវីដ-១៩ នៅឡើយទេ៕