(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នរាងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ទូទាំងប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនានេះ។
ការសម្រេចជាបណ្តោះអាសន្នរាងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ទូទាំងប្រទេសកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ដែលកំពុងបន្តរីករាលក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៨នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៧នាក់ និង១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖