(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញលិខិតណែនាំដល់ម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលឯកជនម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជនទាំងអស់ ក្នុងខេត្តព្រះសីហនុ ឲ្យកត់ត្រាអត្តសញ្ញាណអ្នកជំងឺរបស់ខ្លួន ឲ្យបានច្បាស់លាស់ បើសង្ស័យមានកូវីដ១៩ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក រាយការណ៍ទៅមន្ទីរសុខាភិបាល។

លិខិតរបស់លោក គួច ចំរើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា ក្នុងរយៈពេលនៃឆ្លងរាលដាលជំងឺកវីដ-១៩
នៅខេត្តព្រះសីហនុជិត ១ខែកន្លងមកនេះ មានអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន២នាក់បានទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន។ ដោយមានការសង្ស័យ ម្ចាស់មន្ទីរពេទ្យបានអនុញ្ញាតឱ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ការធ្វើបែបនេះ ជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ដល់អ្នកដទៃផ្សេងទៀត។

លោកបន្តថា ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅផ្ដាច់ឬសគល់មេរោគ និងប្រភពចម្លងមេរោគឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាបង្ហាញឱ្យឃើញនូវការចូលរួមចំណែកទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដល់ម្ចាស់មន្ទីរពេទ្យឯកជនទាំងអស់ អនុវត្តតាមការណែនាំដូចខាងក្រោម៖

* ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរសព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺ ដែលមកពិគ្រោះយោបល់ ពិនិត្យព្យាបាលជំងឺឱ្យបានច្បាស់លាស់ តាមអត្តសញ្ញាណប័ណ្ណ ឬលិខ័តឆ្លងដែន

* ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺ ដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

* ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែងក្នុងទីតាំងរបស់ខ្លួន ហើយត្រូវទំនាក់ទំនងជាបន្ទាន់ មកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ 012 888 737 ឬ 016 526 520 ដើម្បីក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត រៀបចំអន្តរាគមន៍បានទាន់ពេលវេលា

* ត្រូវសហការផ្តល់ភាពងាយស្រួល ដល់ក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដែលចុះបំពេញការងារនៅតាមទីតាំងរបស់ខ្លួន៕