(ភ្នំពេញ)៖ ការផ្ដល់នូវការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជន ត្រូវបានបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានអះអាងថា ការផ្ដល់នេះពិតជាត្រឹមត្រូវ និងមានសារៈសំខាន់ ក្នុងការបង្កើតឲ្យមានទំនុកចិត្ដ សម្រាប់បុគ្គលម្នាក់ៗ ក្នុងការទាក់ទាញវិនិយោគ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។
លើសពីនោះទៀត បណ្ឌិត ឆេង គីមឡុង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាការទប់ស្កាត់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដែលមានសារៈសំខាន់ ក្នុងការផ្ដល់នូវប្រព័ន្ធការពាររាងកាយ ដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា។
បណ្ឌិត ឆេង គីមឡុង បានឲ្យដឹងថា តាមបទអន្ដរាគមន៍របស់ប្រមុខដឹកនាំ ក៏ដូចជាក្រសួងពាក់ព័ន្ធ ជនបរទេសរស់នៅកម្ពុជា ក៏អាចទទួលបាននូវវ៉ាក់សាំងដែរ ដូច្នេះ បញ្ជាក់អំពីការចូលរួមរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនគ្រាន់តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយការពារ ដល់ជនបរទេសនៅកម្ពុជាផងដែរ។
បណ្ឌិត ឆេង គីមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង គឺជាការធានាឲ្យបាន នូវការកាត់បន្ថយ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងដល់សហគមន៍ ទាំងដល់បុគ្គលម្នាក់ៗ ក្នុងន័យការពារ និងរក្សានូវសន្ដិសុខ សុខភាពសាធារណៈរបស់ប្រជាជន»។
លោកថា តាមរយៈការផ្ដល់នូវវ៉ាក់សាំង ដល់ប្រជាជន គឺបង្កើតឲ្យមានទំនុកចិត្ដ សម្រាប់បុគ្គលម្នាក់ៗ ទំនុកចិត្ដរបស់ប្រជាជនទូទៅ។ ទំនុកចិត្ដនេះ មានសារៈសំខាន់ណាស់ ព្រោះថា នៅពេលដែលប្រជាជន មានទំនុកចិត្ដ គាត់អាចមានទំនុកចិត្ដ ក្នុងការប្រកបមុខរបរអាជីវកម្មឡើងវិញ។
បន្ថែមពីនោះទៀត បណ្ឌិត ឆេង គីមឡុង បានឲ្យដឹងថា ក្នុងដំណាក់កាលរាជរដ្ឋាភិបាល អាចគ្រប់គ្រង នៃការរីករាលដាលជំងឺកូវីដ-១៩បាន ប្រទេសជាតិ អាចបើកនូវសេដ្ឋកិច្ចជាតិឡើងវិញ ដែលស្ថិតនៅក្នុងកម្រិតគន្លងថ្មី។
លោកថា ពេលនោះមិនគ្រាន់តែទំនុកចិត្ដ របស់ប្រជាជននោះទេ វាផ្ដល់ទំនុកចិត្ដរបស់វិស័យឯកជនទូទៅ ទំនុកចិត្ដរបស់ស្ថាប័នសាធារណៈ ដែលបង្កនូវមូលដ្ឋាន គ្រឹះសំខាន់ ដល់សកម្មភាពសង្គម សកម្មភាពវប្បធម៌ សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទូទៅ ឲ្យងើបឡើងវិញ។
បណ្ឌិត ឆេង គីមឡុង អះអាងថា ការងើបឡើងវិញ ដែលជំរុញដោយទំនុកចិត្ដរបស់ប្រជាជន ទំនុកចិត្ដរបស់វិស័យឯកជន និងស្ថាប័នរដ្ឋ គឺជាការធានា ឲ្យមានសកម្មភាព ពាណិជ្ជកម្មសេដ្ឋកិច្ច ងើបឡើងវិញ ដែលនេះជាចលករ ក្នុងការជំរុញនូវការងើបឡើងវិញ នៃសេដ្ឋកិច្ច។
លោកថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់វ៉ាក់សាំងជូនដល់ប្រជាជន បានប្រមាណ៧០ភាគរយ ក្នុងចំណោមនៃប្រជាជនសរុបនោះ ប្រព័ន្ធការពារ ជាសហគមន៍របស់កម្ពុជា នឹងសម្រេចបាន ហើយការសម្រេចបាននេះ នឹងកាត់បន្ថយបានច្រើន នូវលទ្ធភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បណ្ឌិត ឆេង គីមឡុង រំពឹងថា កម្ពុជានឹងសម្រេចបាននៅដំណាច់ ឆ្នាំ២០២២ ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជន។ នៅពេលដែលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានច្រើនហើយនោះ លោកគិតថា ទាំងទេសចរណ៍អន្ដរជាតិ ទាំងទេសចរណ៍ក្នុងស្រុក នឹងឈានដល់ចំណុចមួយ មានសន្ទុះកើនឡើង ទាំងលំហូចូលធុរកិច្ចអ្នកវិនិយោគិន ពីក្រៅស្រុក ក៏នឹងអាចធ្វើដំណើរមកវិញផងដែរ។
បណ្ឌិត ឆេង គីមឡុង បានឲ្យដឹងទៀតថា ការផ្ដល់វ៉ាក់សាំង នៅព្រមពេលគ្នា លើប្រទេសជុំវិញពិភពលោក នឹងជាចំណុចល្អមួយ សម្រាប់ការស្ដារសេដ្ឋកិច្ច នៅក្នុងពិភពលោក ដែលសេដ្ឋកិច្ចពិភពលោក នៅក្នុងតំបន់ ក៏នឹងជួយសេដ្ឋកិច្ចក្នុងស្រុកដែរ។
លោកថា ការផ្ដល់វ៉ាក់សាំងក្នុងស្រុក និងការផ្ដល់វ៉ាក់សាំង របស់រដ្ឋាភិបាលប្រទេសផ្សេងៗ ដល់ប្រជាជននៅក្នុងប្រទេសវៀងៗខ្លួន គឺជាមូលដ្ឋានគ្រឹះ សម្រាប់ធានានូវសន្ដិសុខ ប្រជាជន សន្ដិសុខសាធារណៈ និងជំរុញការស្ដារ នៃការងើបឡើងវិញ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងពិភពលោក៕