(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើស្ត្រី អាយុ៣១ឆ្នាំម្នាក់ និងមានអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត (បុរសម៉ាឡេស៉ី+ស្ត្រីខ្មែរ) បន្ទាប់ពីរកឃើញអ្នកកើតជំងឺនេះ លើស្ត្រី អាយុ៤១ឆ្នាំ ម្នាក់ទៀត និងមានអ្នកពាក់ព័ន្ធ ចំនួន០៣នាក់ផ្សេងទៀត (ស្រី២នាក់) ផងដែរ នៅ២កន្លែងផ្សេងគ្នា។

បើតាមការបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ចំពោះការបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើស្រីទាំង២នាក់ខាលើនេះ គឺស្ថិតនៅបន្ទប់ជួលលេខ២០៩ ផ្លូវលេខ៩៩ ភូមិទួលសង្កែ និងស្ថិតនៅ (បុរី ប៉េងហួត) ផ្លូវ៥៩៨ ត្រង់ចំណុចផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១។

លោក ជា ពិសី បានបញ្ជាក់ថា ការបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ លើស្ត្រី អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់លេខ២០៩ ផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមានអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ចំនួន០៣នាក់ (ស្រី០២នាក់) តម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ និងត្រៀមយកសំណាកនៅថ្ងៃស្អែក ព្រមទាំងបានបិទទីតាំងបណ្ដោះអាសន្ន ផងដែរ។

លោកអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជាក់ទៀតថា ការបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត លើស្ត្រី អាយុ៣១ឆ្នាំ ស្នាក់នៅ (បុរី ប៉េងហួត ផ្លូវ៥៩៨ ត្រង់ចំណុចផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ក៏បានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ផងដែរ និងមានអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ចំនួន០២នាក់ផ្សេងទៀត (បុរសជនជាតិម៉ាឡេស៉ី និងស្ត្រីជនជាតិខ្មែរ) តម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ និងត្រៀមយកសំណាកជាបន្ត ព្រមទាំងបានបិទទីតាំងបណ្ដោះអាសន្ន តាមវិធានការរបស់ក្រសួងសុខាភិបាល៕