(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋដែលបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ខណៈចំនួនប្រជាពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។
ការថ្លែងសារចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ របស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងបន្ទាប់ពីកម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវដ៏កាច់សាហាវនេះ ចំនួន៣នាក់មកហើយ។
តាមរយៈទំព័រ Facebook សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ជាមឋមខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ»។
សម្តេចពញាចក្រី ហេង សំរិន បានឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូម បងប្អូន កូន ក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល បានដាក់ចេញ ពិសេសចូលរួមអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។
ឆ្លៀតឱកាសនេះ សម្តេចពញាចក្រី ហេង សំរិន សូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។
សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកម្លាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ»។
សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩៖
*ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
*ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
*ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ខណៈនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៨នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៧នាក់ និង១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕