(កណ្តាល)៖ រថយន្តធុនធំដឹកទំនិញមួយគ្រឿងម៉ាក FUSO បើកបរដោយយុវជនម្នាក់ វ៉ាជែងគេលើស្ពានអ្នកលឿង ក្នុងស្ថានភាពមិនអំណោយផលល្អ ក៏ជ្រុលទៅបុករះឡានចំនួន ៣គ្រឿងផ្សេងទៀត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ។ សំណាងល្អមិនបង្កឱ្យមានរបួសស្នាមដល់អ្នកឡានណាម្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង១៧នឹង១០នាទី នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ ១ ចំណុចលើស្ពានត្សឹបាសា (ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពឲ្យដឹងថា នៅវេលាម៉ោងខាងលើមានរថយន្ត០៤គ្រឿង ក្នុងនោះរថយន្តធុនធំដឹកទំនិញម៉ាក FUSO ពណ៌ខៀវស្លាកលេខតាកែវ 3A.1040 បើកបរដោយឈ្មោះ ចំរើន ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញស្របទិសគ្នា។ លុះមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសាក៏ឡើងវ៉ារថយន្តខាងមុខ តែមានឧបសគ្គ គឺមានរថយន្តធុនធំទិសដៅបញ្ច្រាសគ្នា ក៏បានបួងចង្កូតចូលមកវិញ ទៅបុក រថយន្តម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N 8709 បើកបរដោយឈ្មោះ ស៊ិន ណារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

រថយន្តបង្ក បានបន្តទៅបុក រថយន្តម៉ាក SINA ពណ៌ស កាមៃ បើកបរដោយឈ្មោះ ប្រាក់ សារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបន្តបុករះរថយន្តម៉ាក Prius ពណ៌សស្លាកលេខភ្នំពេញ 2AG 5364 បើកបរដោយឈ្មោះ ស៊ឹម ម៉ារីភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរកិ៍ ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការវាស់វែង។ ចំពោះរថយន្តខូចខាត ០៤គ្រឿង ត្រូវបានយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកលើក ដែកដើម្បីបន្តនីតិវិធី ។

បើតាមលោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាក់ថា ភាគីបង្កកំពុងចរចាគ្នាជាមួយខាងជនរងគ្រោះ ដើម្បីដោះស្រាយសំណង ប៉ុន្តែគិតមកដល់ថ្ងៃទី២១ ខែមីនានេះ មិនទាន់ត្រូវរ៉ូវតម្លៃគ្នានៅឡើយទេ៕