(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ សូមកែតម្រូវចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មកនៅត្រឹម៤៨នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤៧នាក់ និងម្នាក់ទៀត ជាករណីនាំចូល ខណៈអ្នកជាសះស្បើយ១៥នាក់ដដែល។

អ្នកឆ្លងកូវីដ១៩ ទាំង៤៨នាក់នោះ មានម្នាក់ជាស្ត្រីជនជាតិចិន ធ្វើដំណើរមកពីប្រទេសចិនមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ និង៤៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន៧នាក់ និងជនជាតិខ្មែរ ៤០នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ចំណែកអ្នកជាសះស្បើយទាំង១៥នាក់វិញ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន៖ ជនជាតិចិន ១២នាក់, ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧២៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕