(កំពង់ធំ)៖ ផ្លូវលំមួយខ្សែមានប្រវែង ១២ គីឡូម៉ែត្រ ថ្វីដ្បិតខ្លីពិត តែបាននិងកំពុងផ្ដល់សារសំខាន់យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាដាច់ស្រយាលមួយនាត្រើយខាងកើតបឹងទន្លេសាប ខណៈកសាងផ្លូវនេះប្រព្រឹត្តទៅក្រោមការឧបត្ថម្ភរបស់លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងសប្បុរសជនមួយចំនួនទៀត។

ការកសាងផ្លូវលំដ៏មានសារសំខាន់នេះទៀតសោត គឺតបតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិគោកត្របែក ដោយពេលកន្លងទៅ ប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្មរបស់ខ្លួនចេញចូលមូលដ្ឋានខាងលើ ពិសេសគឺនៅរដូវវស្សា និងចន្លោះរដូវវស្សា-រដូវប្រាំង ព្រោះនៅពេលទឹកទន្លេឡើងម្ដងៗ ផ្លូវត្រូវលិចស្ទើរតែទាំងស្រុង ដែលជារឿយៗធ្វើ ឱ្យបែកភក់មិនអាចធ្វើដំណើរស្រួលបាន។

ដូច្នេះហើយទើបលោក ថោង ខុន បានដឹកនាំក្រុមការងារគ្រឿងចក្រសម្តេចតេជោ ដែលប្រចាំការនៅ «មណ្ឌលអភិវឌ្ឍន៍ ហ៊ុន សែន ទី៥» ស្រាប់ បញ្ចេញគ្រឿងចក្រចុះកសាងផ្លូវតាមសំណូមពររបស់ប្រជាពលរដ្ឋតែម្ដង ខណៈការកសាងបានប្រព្រឹត្តទៅរយៈពេល ២ ឆ្នាំមកហើយ ហើយនឹងសម្រេចទាំងស្រុងនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។

ផ្លូវនេះតភ្ជាប់ពី «ទំនប់ករះ» ទៅកាន់ភូមិគោកត្របែក ដែលមានប្រវែង ១២ គីឡួម៉ែត្រ ទទឹង ៩ ម៉ែត្រ និងកម្ពស់ចន្លោះពី ២-៣ ម៉ែត្រ ខណៈការតភ្ជាប់ពីទំនប់ករះមកកាន់ផ្លូវជាតិលេខ ៦ គឺមានកំណាត់ផ្លូវមួយទៀត ដែលមានប្រវែង ១៣ គីឡូម៉ែត្រ ពោលប្រសិនបើសរុបផ្លូវចាស់ និងផ្លូវថ្មីដែលកំពុងសាងសង់នេះ គឺមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ។

ការកសាងផ្លូវថ្មីពីទំនប់ករះទៅកាន់ភូមិគោកត្របែកនោះ ក៏មានការកសាងលូរំដោះទឹកកាត់ទទឹងផ្លូវជាច្រើនកន្លែង និងប្រឡាយទឹកនៅអមទន្ទឹមផ្លូវផងដែរ ព្រមទាំងជួយជួសជួលបន្ថែមនូវកំណាត់ផ្លូវចាស់ ដែលចេញពីភ្ជាប់ពីទំនប់ករះមកផ្លូវជាតិលេខ ៦ ថែមទៀតផង។

លោក ថោង ខុន បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ២ ម៉ឺនដុល្លារអាមេរិក ក្នុងការកសាង និងជួសជុលផ្លូវខាងលើនេះ។ ក្រៅពីនេះ ក៏មានសប្បុរសជនដទៃទៀតបានជួយឧបត្ថម្ភប្រេងឥន្ទនៈសម្រាប់ដំណើរការគ្រឿងចក្ររបស់ក្រុមការងារសម្ដេចតេជោផងដែរ។

បើតាមលោក ថោង ខុន នៅពេលផ្លូវនេះសម្រេចការសាងសង់ផ្លូវលំនេះហើយ វានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ទាំងអ្នកធ្វើដំណើរទៅពីផ្លូវជាតិលេខ ៦ ក៏ដូចជាប្រជាពលរដ្ឋដែលមកពីភូមិគោកត្របែកជាដើម ពិសេសគឺនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ស្រូវ ផលដំណាំ ត្រី-សាច់ របស់របរអីវ៉ាន់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។

លោកថា តាមរយៈសមិទ្ធផលផ្លូវនេះ នឹងធ្វើឱ្យភូមិគោកត្របែកលែងជាតំបន់ដាច់ស្រយាលទៀតហើយ។ ក្រៅពីជួយសម្រួលមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូន ប្រឡាយដែលអមនៅជាមួយផ្លូវនោះ ក៏នឹងដើរតួជាប្រព័ន្ធធារាសាស្ត្រស្រោចស្រពដល់ដីកសិកម្មរបស់ប្រជាកសិករទៀតផង។

ក្នុងពេលជួបដោយចៃដន្យជាមួយលោក ថោង ខុន ក្នុងពេលចុះត្រួតពិនិត្យការងារនោះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ប្រជាកសិករ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបង្ហាញនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយពួកគាត់រំពឹងទុកថា ផ្លូវដ៏មានសារសំខាន់នេះនឹងជួយសម្រួលដល់ការរស់នៅ ការប្រកបមុខរបរ ពិសេសនឹងជួយជំរុញជីវភាពបានមួយកម្រិតទៀតផងដែរ៕

សូមទស្សនាកិច្ចសម្ភាសជាមួយលោក ថោង ខុន អមដោយវីដេអូបង្ហាញពីសកម្មភាពចុះត្រួតពិនិត្យការកសាងផ្លូវលំទៅភូមិគោកត្របែក៖