(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធពន្លឿនសម្រេចចេញប្លង់ សម្គាល់សិទ្ធកាន់កាប់ដីជូនប្រជាពលរដ្ឋ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ឲ្យបានឆាប់រហ័សនិងមានលក្ខណៈស្របច្បាប់។
លោក ជាវ តាយ បានថ្លែងជំរុញដូចនេះនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលា ខេត្តកំពត។
លោក ជាវ តាយ បញ្ជាក់ទៀតថា បញ្ហាការផ្ដល់វិញ្ញាបនបត្រសម្គាល់សិទ្ធកាន់កាប់អចលនទ្រព្យ ជូនប្រជាពលរដ្ឋខាងលើ គឺមានការអូសបន្លាយពេលយូរ ដោយសារមូល ហេតុទំហំដីដែលបានស្នើសុំកាន់កាប់ មានទំហំ មិនមានភាពច្បាស់លាស់ ទៅនឹងទំហំដីជាក់ស្ដែងដែលពិបាកចេញប័ណ្ណកម្មសិទ្ធិជូនបាន។
ដូច្នេះកិច្ចប្រជុំពេលនេះត្រូវកែសម្រួលទំហំដីឲ្យស្របទៅតាមនីតិវិធីលក្ខណៈច្បាប់ និងមានការឯកភាពទទួលយកបានពីប្រជាពលរដ្ឋដែលជាម្ចាស់ដី។ ដោយអនុវត្ត តាមស្មារតីអនុក្រិត្យលេខ៩០ អនក្រ.សក របស់រាជរដ្ឋាភិបាល ដែលបានអនុបយោគ ប្ដូរចំណាត់ថ្នាក់ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ។
អភិបាលខេត្ត បន្តថា ទីតាំងអតីតទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនលេខ៣០២ និងអតីតផ្នែកសឹករងស្រុកកំពង់ត្រាច ចំណុះតំបន់សឹករងកំពតស្ថិតក្នុងភូមិ កំពង់ត្រាចទី១ខាងលើ ប៉ុន្តែជំនាញមិនអាចអនុវត្តចេញវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុ ជូនម្ចាស់ដីដែលត្រូវទទួលការដោះដូរបាន គឺដោយសារទំហំដីជាក់ស្ដែង មានទំហំតូច ជាងទៅនិងទំហំដីនៃស្មារតីអនុក្រឹត្យ ដែលជំនាញនិងអាជ្ញាធរបានលើកហេតុផលថា ដីមួយចំនួនមានការគ្របដណ្ដប់ទៅលើផ្ទៃទឹកចំណីព្រែក ដែលជាផ្លូវទឹកមួយ យ៉ាងសំខាន់ក្នុងស្រុកកំពង់ត្រាច។ ដោយកន្លងមកមានការសម្របសម្រួលពីក្រុមការងាររដ្ឋបាលខេត្ត និងជំនាញទើបម្ចាស់ដីបានយល់ព្រមឯកភាព ទទួលយកតាមភាពជាក់ស្ដែង។
លោកអភិបាលខេត្ត ក៏បានឯកភាព តាមការសម្រេចរបស់អង្គប្រជុំ ដើម្បីកែសម្រួលពីទំហំដីចំនួន ៥០,១៥០ម៉ែត្រការ៉េ មកនៅទំហំដីជាក់ស្ដែង ៣៧,៣៩៣ម៉ែត្រការ៉េ ដោយផ្អែកតាមការយល់ព្រមពីម្ចាស់សុំសិទ្ធិកាន់កាប់។ ទន្ទឹមនេះលោកក៏បានស្នើដល់ជំនាញ និងភាគីពាក់ព័ន្ធ ឲ្យពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ដល់ម្ចាស់ដីខាងលើនេះឲ្យបានឆាប់រហ័ស ព្រោះថាបញ្ហាដីធ្លីមានច្រើនជាបន្តបន្ទាប់ ដែលធ្វើឲ្យរដ្ឋបាលខេត្ត តែងតែទុកដាក់ខិតខំដោះស្រាយ ជូនប្រជាពលរដ្ឋ ជាការចាំបាច់នាកន្លងមក៕