(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរចេញ-ចូល ផ្លូវមួយខ្សែ នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ការសម្រេចផ្អាកចរាចរបណ្ដោះអាសន្នផ្លូវមួយខ្សែនេះ គឺដោយសាររបស់លោក រឿន រុន ដែលមានសមាជិក៥នាក់ (ឈ្មោះ រឿន រុន, ឈ្មោះ កុយ មុំ, ឈ្មោះ រុន រស្មី, ឈ្មោះ រុន សុខសាន និងឈ្មោះ រុន សុខហេង) បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ដោយឡែក ប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ពាក់ព័ន្ធទាំងអស់ជាមួយ លោកស្រី កុយ មុំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវទំនាក់ទំនងមកក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០៦៧ ៦៦២ ៦២២ និងលេខ ០១២ ៦៥៧ ០៦១ ដើម្បីយកសំណាកទៅធ្វើតេស្ដរកមេរោគកូវីដ-១៩ និងត្រូវនៅផ្ទះធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានផ្អាកជាបណ្ដោះអាសន្នការលក់ដូរគ្រឿងទេស (ចាប់ហួយ) របស់លោក រឿង រុន និងផ្អាកការទំនាក់ទំនងជាមួយអ្នកដ៏ទៃ និងហាមចេញក្រៅផ្ទះផងដែរ។ ការនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕