(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ បានឲ្យដឹងថា មន្ដ្រីយោធារបស់មូលដ្ឋានសមុទ្រម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់លោកឧត្តមនាវីឯក អ៊ុក សីហា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលផ្ញើទៅនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។
លោកឧត្តមនាវីឯក អ៊ុក សីហា បានបញ្ជាក់ថា មន្ដ្រីយោធានោះ ឈ្មោះ សំ វិជ្ជា ភេទប្រុស ឋានន្ដរស័ក្ដ អនុសេនីយ៍ឯក មុខងារ ជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងបានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
លោកបានអះអាងថា មន្ដ្រីយោធានេះ បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើក នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ (លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, លើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១) ហើយបច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយក ន្លែងឈ្មោះ សាកាណា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
មកទល់ពេលនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន៥នាក់ ដែលបច្ចុប្បន្នអ្នកទាំង៥នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩៕