(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ រស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។
គួរជម្រាបថា កន្លងមកសណ្ឋាគារមេគង្គ ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ប៉ុន្ដែនៅពេលនេះក៏ត្រូវប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩វិញ ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាម។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕