( ភ្នំពេញ )៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពបុរសជនជាតិខ្មែរឈ្មោះ ឈាន ប៊ុនធឿន និងបុរសជនជាតិចិនឈ្មោះ Wu Jiannan ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១នេះ។
នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់បុរសជនជាតិខ្មែរ និងបុរសជនជាតិចិនខាងលើនេះ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្ប្នន្នមេរោគដ៏កាចសាហាវនេះកំពុងតែឆ្លងរាលដាលទៅលើប្រទេសទាំងអស់នៅលើពិភពលោកហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ “ ៣ការពារ និង ៣កុំ” ។ ៣ការពារ គឺត្រូវពាក់ម៉ាស់, លាងដៃនឹងសាប៊ូ អាល់កុល ឬជែល, ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និង ៣កុំ គឺកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបថើបគ្នា កុំកៀកស្មាគ្នា, កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ។
សូមបញ្ជាក់ថា សពបុរសជនជាតិខ្មែរឈ្មោះ ឈាន ប៊ុនធឿន អាយុ ៣៨ឆ្នាំ បច្ចុប្ប្ន្នន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧:៣៥ នាទីព្រឹក ដោយសារជំងឺកូវីដ-១៩ និងសពបុរសជនជាតិចិនឈ្មោះ Wu Jiannan អាយុ ៤៣ឆ្នាំ ជាបុគ្គលិកបម្រើការនៅកាស៊ីណូ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៤៥ នាទីព្រឹក៕