(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ថវិកាប្រមាណ ២លានដុល្លារ ដើម្បីបង្កើតផែនការមេគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ។ ពិធីចុះហត្ថលេខាផ្តល់ថវិកា ត្រូវបានធ្វើឡើងប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះត្រូវបានចុះហត្តលេខាដោយ លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា ជាមួយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧត្តុនិយម។
គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយផល់ប៉ះពាល់ដែលបង្កឡើងដោយមហន្តរាយគ្រោះធម្មជាតិនានា ដូចជាគ្រោះទឹកជំនន់នៅរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំង ហើយដើម្បីបង្កើនផលិតកម្មកសិកម្មសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍនសេដ្ឋកិច្ចក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់។ បន្ថែមពីលើនេះ គម្រោងនេះ មានគោលបំណងដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាជននៅក្នុងតំបន់គោលដៅតាមរយៈការបង្កើនប្រាក់ចំណូលរបស់កសិករ។
ក្រោមជំនួយឥតសំណងប្រមាណជា ២លានដុល្លារពីសាធារណរដ្ឋកូរ៉េ គម្រោងនឹងត្រូវបានអនុវត្តក្នុងរយៈពេល ២៤ខែ (ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣) ក្នុងខេត្តព្រៃវែង និងស្វាយរៀង។ ផ្នែកសំខាន់ៗរបស់គម្រោងរួមមាន៖ ការបង្កើតផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់តំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ, ការសិក្សាលទ្ធភាពបឋម និងការគាំទ្រការអភិវឌ្ឍនសមត្តិភាព។
គម្រោងនឹងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលវែង ហើយធ្វើការសិក្សាលទ្ធភាពបឋម ដើម្បីជាអនុសាសន៍ និងជាធាតុចូលបន្ថែមទៀតសម្រាប់ក្រសួងធនធានទឺកនិងឧត្តុនិយម។ ធនធានមនុស្សទាំងកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស និងត្រូវបានផ្តល់ជាការបណ្តុះបណ្តាលក្នុងស្រុក និងក្រៅប្រទេស។ លើសពីនោះទៀត អ្នកជំនាញការកូរ៉េ នឹងត្រូវបានបញ្ជូនមកធ្វើការសហការជាមួយអ្នកជំនាញការកម្ពុជា ដើម្បីអនុវត្តកម្រោងនេះ ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ទៅកាន់ក្រុមការងារកម្ពុជាផងដែរ។
លោក ប៉ុញ សច្ចៈ បានលើកឡើងថា គម្រោងនេះជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា ព្រោះផែនការមេជាធាតុចូលដ៏សំខាន់សម្រាប់វិស័យទឹកកសិកម្មក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ដីសណ្តនៃទនេ្លមេគង្គ។ វាជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជាក្នុងការចាត់ចែងទឹកប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ដែលធនធានទឺកនឹងត្រូវបានចាត់ចែងមិនត្រឹមតែប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងលើវិស័យផ្សេងៗទៀតផងដែរ។
លោក Rho Hyunjun បានគូសបញ្ជាក់នៅក្នុងពិធីនោះថា វិស័យទឹកជាសរសរស្តម្ភមួយក្នុងយុទ្ធសាស្រ្តភាពជាដៃគូររបស់ទីភ្នាក់ងាកយកា ហើយកយកាក៏បានប្តេជ្ញាក្នុងការគាំទ្រក្នុងវិស័យនេះផងដែរ។
លោកបានបន្ថែមថា តំបន់មេគង្គជាចំណុចសំខាន់ក្នុងគោលនយោបាយភាគខាងត្បូងរបស់សាធារណៈរដ្ឋកូរ៉េ ដែលស្វែងរកកិច្ចសហការដ៏រឹងមាំជាមួយបណ្ថាប្រទេសនៅអាស៊ីអាគ្នេយតាមរយៈសរសរស្តម្ភចំនួន៤រួមមាន៖ មនុស្ស វិបុលភាព សន្តិភាព និង ភពផែនដី៕