(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៦៥គ្រួសារ ស្ថិតនៅក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បាននាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកបានបន្តទៀតថា ប្រជាពលរដ្ឋទាំង៦៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃដែលក្រសួងសុខាភិបាលបានកំណត់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្ត វិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ ៣ការពារ និង៣កុំ ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍។ ម្យ៉ាងទៀត ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះដើម្បី ជៀសវាងការរីករាលដាលឆ្លងកីវីដ-១៩ ក៏ដូចជាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខាងមុខនេះផងដែរ។
គួរជម្រាបថា អំណោយមនុស្សធម៌នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ, ទឹកសុទ្ធ១កេស និងឧបត្ថម្ភអាហារស្បៀង ១កញ្ចប់ ផងដែរ៕