(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការនៃសាលាខេត្តកំពង់ស្ពឺ ទូងស្គរ វាយឃ្មោះ ក្នុងវត្តម្យុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីជាកិច្ចរំលឹកដល់ប្រជាពលរដ្ឋឲ្យចេះប្រយ័ត្នខ្លួនពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ជាពិសេសត្រូវអនុវត្ត តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ការពារ ៣កុំ ។
ការទូងស្គរ វាយឃ្មោះ របស់អភិបាលខេត្តកំពង់ស្ពឺនេះ មិនត្រឹមតែដើម្បីក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងទូងស្គរ វាយឃ្មោះបួសសួង សុំឱ្យជំងឺកូវីដ១៩នេះ ផុតរលត់ទៅបាត់ឱ្យឆ្ងាយពីប្រទេសកម្ពុជា ជាពិសេសសុំឱ្យប្រជាពលរដ្ឋបានរួចចៀសផុតពីជំងឺកូវីដ១៩ និងជំងឺអាក្រក់ទាំងពួងផងដែរ។
លោកអភិបាលខេត្តកំពង់ស្ពឺសង្កត់ធ្ងន់ថា ការក្រើនរំលឹកនេះគឺជាសារមួយចង់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះការពារខ្លួនពីជំងឺកូវីដ-១៩ និងសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្តាប់ការណែនាំជាប្រចាំរបស់ក្រសួងសុខាភិបាល អំពីសុវត្តិភាព ការចម្លងមេរោគ នៅតាមទីតាំងមិនមានសុវត្ថិភាពមួយចំនួន នៅតាមមូលដ្ឋានផងដែរ៕