(ស្វាយរៀង)៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានទទួលជួបសំណេះសំណាល និងទទួលអំណោយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីលោក ហ៊ឹម ឧត្តម ទីប្រឹក្សាសម្ដេចពញ្ញាចក្រី ហេង សំរឹន ប្រធានរដ្ឋសភា ដែលជាមូលនិធិរបស់ក្រុមហ៊ុន JD Power ( Cambodia) Co,.Ldt ក្រោមការជំនួយរបស់ Mr. He Yi Yuan ប្រធានក្រុមហ៊ុន Lanping Yiyuan Mining Co., Ltd។
ពិធីទទួលអំណោយនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ជូ ហ៊ុយភីង ( Mr.Zhu Hui Ping ) លោក ហ៊ែល ហ៊ុយ សមាជិកក្រុមប្រឹក្សាស្រុក រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ហែម សារិទ្ធ បានថ្លែងនូវការអរគុណចំពោះលោក ហ៊ឹម ឧត្តម និងក្រុមការងារដែលបានចូលរួមបរិច្ចាគ នូវអំណោយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលស្រុក ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។
លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលស្រុក និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធាន ការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហែម សារិទ្ធ បន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។
សូមបញ្ជាក់ថា សំភារៈដែលទទួលបានរួមមាន៖ ម៉ាស់ចំនួន ២០,០០០ម៉ាស ស្មើនិង ៤០០ប្រអប់ និងអាល់កុលចំនួន៥កានផងដែរ៕