(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មហាងកាហ្វេ និងលាងរថយន្ដដឺស៉ី (The Sea) ដើម្បីដាក់ជាមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅលើវិថីមិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយអ្នកកើតជំងឺកូវីដ១៩ធ្លាប់បានទៅទីនោះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក គួច ចំរើន បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានសំណាកតេស្ដពីបុរសម្នាក់ ដែលធ្លាប់ចូលទៅហាងអាហារ និងលាងរថយន្ដនេះ ចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ជារៀងរាល់ថ្ងៃ ហើយលទ្ធផលតេស្ដវិជ្ជមានជំងឺកូវីដ១៩។
ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទនៅក្នុងទីតាំងនេះ ជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតមានការជូនដំណឹងថ្មី៕