(តាកែវ)៖ ក្រោយមានករណីកូវីដ១៩ម្នាក់ កើតលើបុរសចុងភៅ ហើយប្រពន្ធរបស់លោក លក់ដូបន្លែនៅផ្សារណាត់ ក្រុងដូនកែវនោះ ក៏មានការមតិជាច្រើនលើកឡើងថា នឹងមានការបិទផ្សារណាត់នេះមួយរយៈពេល។ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកអះអាងថា មិនមានការបិទផ្សារណាត់ដូចពាក្យចចាមរ៉ាមនោះទេ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ភ័យបារម្ភថា ផ្សារណាត់នឹងត្រូវបិទ ផ្សារណាត់នៅតែបើកដំណើរការធម្មតា។ ការបិទផ្សារណាត់លុះត្រាតែស្រ្តី ជាប្រពន្ធបុរសដែលផ្ទុកជំងឺជំងឺកូវីដ១៩ ធ្វើតេស្តទៅលទ្ធផលវិជ្ជមានដូចប្ដីដែរ»។
តាមលោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បុរសឆ្លងជំងឺកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃកន្លងមកហើយ។ ជាមួយនោះ ប្រពន្ធកូនក៏មិនដែលមកពាក់ព័ន្ធអ្វី ជាមួយប្ដីរបស់ខ្លួននៅកន្លែងធ្វើចត្តាឡីស័កដែរ។
គួបញ្ជាក់ថា នៅក្នុងមង្គលការមួយនៅក្នុងភូមិក្រាំងលាវ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩។ ក្រោយមកកាលពីម្សិលមិញបុរសជាចុងភៅម្នាក់មានឈ្មោះ ហ៊ីង សាមួន អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ក៏រកឃើញវិជ្ជមានផងដែរ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត អ្នកពាក់ព័ន្ធជាមួយឈ្មោះ ហ៊ីង សាមួន មានចំនួនសរុប ២៤នាក់ អ្នកពាក់ព័ន្ធផ្ទាល់ ១១នាក់ ស្រី៥នាក់ ក្នុងនោះមានកុមារ ៤នាក់(កុមារា២នាក់ កុមារី២នាក់)។ ពាក់ព័ន្ធប្រយោលមានចំនួន ១៣នាក់ ស្រី៩នាក់ ក្នុងនោះមានទារិកាម្នាក់អាយុ ៥ខែ។ អ្នកពាក់ព័ន្ធផ្ទាល់ទាំង ១១នាក់ បានយកទៅធ្វើចត្តាឡីស័កនៅគរុកោសល្យខេត្ត ០៨នាក់ និងធ្វើចត្តាឡីស័កនៅផ្ទះ ០២នាក់(ចាស់ជរា)៕