(កំពង់ចាម)៖ លោក ស៊ុយ ភូនាថ ប្រធានអនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តស្រុកកោះសូទិន បានដឹកនាំក្រុមការងារ និងសហការជាមួយ សាលាអនុគណស្រុកកោះសូទិន ដឹកនាំដោយព្រះមោទនវិមុត្តិ ណាន ថេង ព្រះវិន័យធរ តំណាងព្រះទេពសោភ័ណ ហ៊ាប គន់ ព្រះគ្រូវិទូទីបបាល ព្រះអនុគណស្រុក ព្រមទាំងព្រះសហការី បានរៀបចំកម្មវិធីស្វាធ្យាយព្រះបរិត្តសូត្រ និងទូងស្គរ វាយរគាំង ដើម្បីចូលរួមទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោក ស៊ុយ ភូនាថ ក៏បញ្ជ្រាបនូវវិធានការ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ភិក្ខុសាមណេរ នៅវត្តមហាខ្ញូង ឲ្យបានស្វែងយល់កាន់តែច្បាស់ថែមទៀត ទាក់ទិនទៅនឹងការធ្វើអនាម័យខ្លួនឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់សម្តេចតេជោ ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ និង២ចូលរួម»។
សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឲ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំងទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកដល់ ប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដល់វត្តអារាមនៅទូទាំងប្រទេស ឲ្យចូលរួមអនុវត្តដូចខាងលើនេះ ដោយសារតែប្រទេសកម្ពុជា កំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគ មន៍២០កុម្ភៈ។ ហេតុនេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែភ្ញាក់រលឹក នឹងអនុវត្តតាមសម្ដេចតេជោ នូវវិធាន «៣ការពារ និង៣កុំ» ឲ្យបានទាំងអស់គ្នា៕