(សៀមរាប)៖ បឹងពារាំងជាបឹងធម្មជាតិមួយ ស្ថិតនៅជាប់បឹងទន្លេសាប ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយបឹងនេះហ៊ុព័ទ្ធទៅដោយព្រៃលិចទឹក។ ការបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យបឹងនេះប្រឈមនឹងការរីងស្ងួតឆាប់រហ័យនារដូវប្រាំង ដែលជាកត្តាប្រឈមសម្រាប់មច្ឆជាតិ និងសត្វស្លាប។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានប្រាប់ថា បឹងនេះមានជីវ:ចម្រុះ ដូចជាសត្វស្លាបជាច្រើនប្រភេទដែលកំពុងរស់នៅ និង ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាជាច្រើន។ បឹងនេះ ក៏មានមេពូជត្រីដែលអភិរក្សច្រើនប្រភេទផងដែរ ដូចជាត្រីក្រាយ ត្រីស្តាយ និងត្រូឆ្តោ មានទម្ងន់រហូតដល់៨គីឡូក្រាម។
ដោយសាររដូវវស្សាឆ្នាំនេះ មិនសូវមានភ្លៀង ហើយអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យបឹងនេះ ស្រកទឹកចុះយ៉ាងឆាប់រហ័ស។ ការអភិវឌ្ឍន៍ស្ដារស្ទឹងសមៀមរាប ក៏ជាចំណែកមួយធ្វើឲ្យ ទឹកនៅ ផ្នែកខាងលើ មិនអាចទម្លាក់ចុះមកផ្នែកខាងក្រោមនៃផ្ទៃបឹងពារាំងផងដែរ។ ការណ៍នេះធ្វើឲ្យសត្វស្លាប កំពុងប្រឈមខ្វះចំណី រីឯហ្វូងត្រីអាចងាប់ ប្រសិនបើគ្មានដំណោះស្រាយទាន់ពេលវេលា។
លោក គង់ មង្គល បានបន្ថែមទៀតថា លោកបានដាក់សំណើទៅមន្ទីរពាក់ព័ន្ធ មានដូចជា មន្ទីរធនធានទឹក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ហើយក៏មានការជំរុញបន្ថែមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីមន្រ្តីចុះពិនិត្យស្ថានភាពជាក់ស្ដែង និងរកដំណោះស្រាយជាបន្ទាន់។ បន្ទាប់ពីជួបពិភាក្សា ជាមួយមន្ត្រីជំនាញ បានអនុញ្ញាតឲ្យមានការជីកស្តារនៅចំណុចណាមួយជាបណ្ដោះអាសន្ន ដើម្បីសង្គ្រោះមេពូជត្រី ហើយដោយឡែកការជីកស្តារនេះ មានការអនុញ្ញាតពីក្រសួងកសិកម្មរួចហើយ ក្នុងន័យសង្រ្គោះមច្ឆជាតិ៕