(សៀមរាប)៖ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៅក្នុងមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ត្រូវបានយកសំណាកទៅធ្វើតេស្ដលើកទី៣ហើយ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមានទាំងអស់។
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី២០ ខែមីនា ដែលរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ក្នុងមន្ទីរសម្រាកព្យាបាល រហូតដល់បច្ចុប្បន្ននេះ បុគ្គលិកនៃមន្ទីរសម្រាកព្យាបាល និងអ្នកជំងឺ ដែលកំពុងធ្វើចត្ដាឡីស័កក្នុងមន្ទីរសម្រាកទាំងអស់ បានធ្វើតេស្ដចំនួន៣លើកមកហើយ ដែលលទ្ធផលសុទ្ធតែអវិជ្ជមានជំងឺកូវីដ១៩។
សេចក្ដីជូនដំណឹងខាងលើមិនបានបញ្ជាក់ពីចំនួននៃអ្នកដែលពាក់ព័ន្ធនោះទេ។ បើតាមការបញ្ជាក់ពីមន្រ្តីសុខាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ អ្នកទាំងនោះសរុបចំនួន ១១៦នាក់។ យ៉ាងណាក៏ដោយ ពួកគេទាំងអស់ នឹងបន្តធ្វើតេស្ដលើកទី៤បន្ថែមទៀតនៅចុងសប្ដាហ៍នេះ ដើម្បីបញ្ជាក់ច្បាស់ថាគ្មានជំងឺកូវីដ១៩។
មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បានបញ្ជាក់ថាខ្លួន គ្រោងនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីការធ្វើតេស្ដលើកទី៤រួច។
គួររំលឹកថា បុរសម្នាក់រស់នៅសង្កាត់គោកចក ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មានជំងឺកូវីដ១៩ បន្ទាប់ពីបុរសរូបនេះមានប្រវត្តិធ្វើដំណើរចេញពីខេត្តកណ្ដាល។ គាត់បានចូលពិនិត្យសុខភាព និងសម្រាកតាមបន្ទប់ព្យាបាល និងមន្ទីរសម្រាកយ៉ាងហោចណាស់៣កន្លែងក្នុងក្រុងសៀមរាប មុនរកឃើញថាកើតជំងឺនេះនៅមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២០ ខែមីនា៕