(កណ្តាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ពីលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី ហៀវ លន់ នៅសាលាខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ ក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះលោកបណ្ឌិត និងលោកស្រីទាំងទ្វេ ដែលបាន បរិចាគថវិកា សម្ភារយ៉ាងមានតម្លៃ សម្រាប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព និងជីវិតប្រជាជនកម្ពុជា។
អំណោយដែលលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាលរួមមាន៖ អង្ករ ២៥តោន ទឹកត្រី ១០កេស ទឹកស៊ីអ៊ីវ ១០កេស ទឹកសុទ្ធ ១០០កេស ម៉ាស ១២កេះធំ អាកុល ១០កាន និងថវិកា ៤០លានរៀល។
បន្ទាប់មកលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីហ៊ុន ប៊ុនធឿន ព្រមទាំងលោកស្រី ហៀវ លន់ បាននាំយកអំណោយឧបត្ថម្ភជូនដល់ សាលាស្រុកស្អាង សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន៖ អង្ករ ៥០បាវ, ទឹកសុទ្ធវីតាល់ ៥០កេស ទឹកត្រី ១០ កេស ទឹកស៊ីអ៊ីវ ១០កេសម៉ាស់ ០៥កេសធំ អាកុល ១០កាន និងថវិកា ១០.០០០.០០០រៀល។
នៅក្នុងពិធីប្រគល់អំណោយនោះផងដែរលោកបណ្ឌិត ស៊ាង ប៊ុនលាង បានអំពាវនាវឲ្យមន្ត្រីបម្រើការក្នុងសាលាស្រុកស្អាង មានវិធានការផ្សព្វផ្សាយ អំពីបញ្ហាការពារ កុំឲ្យរីករាលដាលនៃជំងឺកូវីដឲ្យបានល្អក្នុងមូលដ្ឋាន ព្រមទាំងបានស្នើសុំឲ្យមន្ត្រីសុខាភិបាលសរសេរនូវវិធានការ ៣ការពារ និង ៣កុំ ឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ ហើយយកទៅបិតនៅតាមផ្ទះតែម្តង៕