(ព្រៃវែង)៖ លោក ទួន សុគន្ថា ប្រធានអចិន្ត្រៃយ៍មណ្ឌលចត្តាឡីស័ក ហ៊ុន សែន កំពង់លាវ បានថ្លែងថា ចាប់តាំងពីថ្ងៃទី៧ ខែមីនា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនពលករដែលវិលត្រឡប់មកពីប្រទេសថៃ មកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង មានចំនួន ១,៥៥៤នាក់ ក្នុងនោះមានស្រី ៥៧០នាក់ និងនៅតែបន្តទទួលបងប្អូនពលករមកពីប្រទេសថៃជាបន្តបន្ទាប់ទៀត។
ការថ្លែងលើកឡើងបែបនេះ ខណៈដែលលោក ទួន សុគន្ធា បានទទួលអំណោយជាសម្ភាររបស់លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលមកពីប្រទេសថៃ នៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវចំនួន៥១នាក់ ដែលមានការចូលរួមពីលោក ហ៊ួ គឹមលី ជំនួយការផ្ទាល់របស់លោក ជា សុមេធី អភិបាលខេត្ត។
ក្នុងនោះលោក ទួន សុគន្ថា សូមថ្លែងអំណរអរគុណអភិបាលខេត្ត និងលោកស្រី តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនពលករដែលចំណាកស្រុកធ្វើការនៅឯប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ ដោយមកធ្វើការសម្រាកនៅទីនេះ ហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមស្រុករបស់គាត់រៀងៗខ្លួនវិញ។
លោកបានបន្តថា ក្នុងនាមលោក អភិបាលខេត្តសូមអំពាវនាវដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាតតាមរយៈ «៣ការពារ ៣កុំ» ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕