(បន្ទាយមានជ័យ)៖ ដោយមើលឃើញថា ការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ខ្លាំងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវដល់ ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩នេះ។

នៅក្នុងសេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សូមអំពាវនាវ ដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ២ចំណុចដូចខាងក្រោម៖

* ទី១៖ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាព នៃការរីករាលដាល មេរោគកូវីជ-១៩មានសភាពធូរស្រាលឡើងវិញ។

* ទី២៖ យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយ ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖