(បាត់ដំបង)៖ វិទ្យាល័យពេជ្រចិន្តា នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធរៀនឌីជីថល «Wiki School» សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ ការសម្ពោធនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំវិទ្យាល័យពេជ្រចិន្តា ថ្នាក់ដឹកនាំក្រុមហ៊ុន POSCAR Digital ដែលជាក្រុមហ៊ុនបង្កើត Wiki School និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតជាសក្ខីកម្មផងដែរ។
តាមរបាយការណ៍របស់លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ មានសិស្សមានចំនួន ១,៥២៨ នាក់ (ស្រី ៧៩៣នាក់) គ្រូមានចំនួន ៣៧ នាក់ (ស្រី ១១នាក់)។ ហើយការប្រើប្រាស់ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ វិទ្យាល័យពេជ្រចិន្តា បានប្រើប្រាស់ការបង្រៀនតាមប្រព័ន្ធសាលារៀនឌីជីថល Wiki School រួមមាន៖ ការដាក់មេរៀនឲ្យសិស្សចំនួន ១៥៣ និងការដាក់កិច្ចការសិស្ស ចំនួន ៤៣០។ ជាមួយគ្នានេះ សិស្សបានផ្ញើកិច្ចការផ្ទះដែលបានធ្វើហើយជូនគ្រូ ចំនួន ៦៣១១ ហើយមានសារជាមួយគ្រូ ចំនួន ១៣០៧។
លោកនាយកវិទ្យាល័យ បានលើកឡើងថា មូលហេតុដែលធ្វើឲ្យសាលាចាប់អារម្មណ៍យកកម្មវិធី Wiki School ព្រោះវាមានលក្ខណៈពិសេស ដែលជួយការងារសាលាបានច្រើន។ ចំណុចពិសេសដែលលោកបង្ហាញនោះ គឺជួយឲ្យគ្រូមិនលំបាកសូម្បីតែក្នុងការរៀបចំព្រឹត្តប័ត្រពិន្ទុសិស្ស ក៏ដូចជាសៀវភៅសិក្ខាគារឹកជាដើម។
គណៈគ្រប់គ្រងវិទ្យាល័យពេជ្រចិន្តា ថែមទាំងបានសម្តែងក្តីរីករាយ និងបង្ហាញការពេញចិត្ត ដែលសាលារបស់ខ្លួន មានប្រព័ន្ធសាលារៀនឌីជីថល Wiki School សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ វិទ្យាល័យពេជ្រចិន្តា រំពឹងទុកថា Wiki School នឹងជួយឲ្យដំណើរការគ្រប់គ្រងសាលា ការរៀន និងការបង្រៀន កាន់តែមានភាពល្អប្រសើរជាមុន ជាពិសេសអំឡុងពេលមានវិបត្តិកូវីដ១៩នេះ។
ក្នុងឱកាសនោះលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមហ៊ុនPOSCAR ដែលបានជួយដល់វិទ្យាល័យពេជ្រចិន្តា សម្រាប់ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការបង្រៀន និងរៀន ហើយលោកប្រធានក៏បានជម្រុញឱ្យមានកម្មវិធីWiki Schoolនេះមានប្រើប្រាស់នៅតាមសាលាគោលដៅផ្សេងទៀតអោយបានច្រើននៅក្នុងខេត្ត ដើម្បីអោយទាន់សភាពការណ៍ថ្នាក់ជាតិ តំបន់ជាដើម។
លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Digital ដែលជាក្រុមហ៊ុនបង្កើត Wiki School បានឲ្យដឹងថា Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដែលជំនួយដោយ Mobile App Wiki School។
លោកបន្ថែមថា ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល វិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនទៀតជាច្រើនផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ។
លោក ងន់ ម័រ បានបញ្ជាក់ថា«Wiki School ជាកម្មវិធីគ្រប់គ្រងសាលាបែបឌីជីថល ដែលអនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូអាចដាក់កិច្ចការផ្ទះ ឬការងារគម្រោងឲ្យសិស្សតាមកម្មវិធីទូរស័ព្ទដៃ ហើយអាចឲ្យសិស្ស មាតាបិតាសិស្សផ្ញើសារទៅគ្រូបង្រៀន ឬសាលារៀនដើម្បីសាកសួរព័ត៌មានផ្សេងៗ ហើយក៏អាចឲ្យសាលារៀន ឬគ្រូបង្រៀនអាចផុសហ្វីត នៅក្នុងប្រព័ន្ធដើម្បីឲ្យសិស្ស មាតាបិតាសិស្សអាចទទួលព័ត៌មានព្រមទាំងអាចបញ្ចេញមតិ ឬអាចបញ្ចេញអារម្មណ៍ចូលចិត្តបានដែរ»។
បើតាមលោក ងន់ ម័រ ថ្នាក់រៀនឌីជីថលក៏អាចឲ្យគ្រូបង្រៀនធ្វើការប្រឡង តាមប្រព័ន្ធអនឡាញបានដែរ ហើយអាចឲ្យលោកគ្រូ អ្នកគ្រូអាចបង្រៀនតាមសន្និសីទថ្នាក់រៀន (Class conference) ដែលអាចឲ្យគ្រូបង្រៀនអនឡាញ ហើយអាចឲ្យសិស្សចូលរួម និងអាចសួរសំណួរបានទៀតផង។