(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌លើវិស័យសុខាភិបាល ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមបណ្តាខេត្តនានានោះ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពិធីចុះអនុស្សារណៈ​យោគយល់គ្នា (MOU) រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមន្ទីរ​ពេទ្យព្រះអង្គឌួង ត្រូវបានប្រារព្ធធ្វើឡើងនៅអាគារចក្ខុរោគ នៃមន្ទីពេទ្យព្រះអង្គឌួង ក្រោមអធិបតីភាព និងចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ និង លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមពីសំណាក់ ក្រុមការងារនៃស្ថាប័នទាំងពីរ ជាច្រើននាក់ផងដែរ។

លោកនាយកមន្ទីពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ក្នុងនាមលោកផ្ទាល់ និងក្រុមគ្រូពេទ្យទាំងអស់ មានសេចក្តីសោមនស្សរីករាយ ដែលមានឱកាស​ចូលរួមសកម្ម​ភាពមនុស្សធម៌ របស់សមាគមន​គ្រូពេទស្ម័គ្រចិត្ត​សម្តេចតេជោ តាមរយៈការព្យាបាលជូនប្រជាពលរដ្ឋ។ លោកបានបន្ត នៅឆ្នាំ ១៩៩៥ មន្ទីពេទ្យបានប្តូរឈ្មោះពីមជ្ឈមណ្ឌលឯកទេស ត្រចៀក ច្រមុះ បំពង់ក និងចក្ខុរោគ ជាមន្ទីរ​ពេទ្យព្រះអង្គឌួង និងបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុក្រឹត្យលេខ១៩៥ អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ និង បានចាប់ផ្តើមដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល​នៅដើមខែធ្នូ ឆ្នាំ២០១៣ ដែលទទួបន្ទុក​ពិនិត្យ ព្យាបាល ជំងឺត្រចៀក ច្រមុះបំពង់ក ជំងឺមាត់ធ្មេញ ជម្ងឺចក្ខុរោគ ជំងឺ​សើស្បែក កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម សម្ភព និងរោគស្រ្តី។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា រយៈកាលកន្លងមក បុគ្គលិកមន្ទីរពេទ្យ បានចូលរួមក្នុងសកម្មភាព មនុស្សធម៌រួចជាមួយសមាគម​គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោដើម្បីផ្តល់សេវា​ព្យាបាលមនុស្សធម៌​ជូនប្រជា​ពលរដ្ឋក្រីក្រ​ទូទាំងប្រទេស។ លោកជឿជាក់ថា ការចុះអនុស្សារណៈ​ជាមួយ​គ្នាថ្ងៃនេះ និងបង្កើនកិច្ចសហប្រតិបត្តិការ​ឲ្យកាន់តែជិត​ស្និទ្ធ​ថែមទៀត ក្នុងការងារមនុស្សធម៌ តាមរយៈការព្យាបាល​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដើម្បីធ្វើសកម្មភាពមនុស្សធម៌​តាមរយៈការព្យាបាល​ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ដោយឥតគិតថ្លៃ។ ដូចអ្វីដែលលោកប្រធានមន្ទីពេត្យ បានលើកឡើង គឺភាគីទាំងពីរមានគោលបណងដូចគ្នា មានយន្តការដូចគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង៕