(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce របស់អង់គ្លេស បានប្រកាសរថយន្តដែលច្នៃថ្មីគឺ ស៊េរី Black Badge សម្រាប់រថយន្តពីរម៉ូដែល គឺ Ghost និង Wraith ដោយបង្កើតបានជារថយន្ត Ghost Black Badge និងWraith Black Badge ។

អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងបង្កើតរថយន្តជាហូរហែ សម្រាប់ក្រុមមនុស្សវ័យក្មេង ដែលមានភាពជឿជាក់លើខ្លួនឯង និងមានលក្ខណៈប្លែកពីមនុស្សដទៃ ដែលចូលចិត្តការរស់ នៅបែបទាន់សម័យ និងមានភាពក្លាហាន»។

លោកបានថ្លែងទៀតថា ក្នុងកិច្ចសហការដែលពុំធ្លាប់មាន ជាមួយនឹងអតិថិជនថ្មីទាំងអស់នេះ ក្រុមហ៊ុនរថយន្ត Rolls-Royce មានភាពជឿជាក់ ក្នុងការបង្កើតស៊េរីរថយន្ត Black Badge ដែលបញ្ចូលនូវភាពប្រណីត និងបច្ចេកវិទ្យាវិស្វកម្មចុងក្រោយ។ បើនិយាយពីបច្ចេកទេស និងសោភ័ណភាព Black Badge គឺជាលក្ខណៈមួយបែបទៀត នៃរថយន្ត Rolls-Royce Wraith និង Ghost ពោលគឺមានសណ្ឋានស្រគាំជាងមុន មានភាពជឿជាក់ មានកម្លាំងខ្លាំង និងទាមទារច្រើន ។ តាមរយៈរថយន្តស៊េរី Black Badge នេះ យើងបានបង្កើតវត្តមានពិសេសបំផុត សម្រាប់វិស័យរថយន្តមហាប្រណីត ។ នេះជាពេលវេលាផ្លាស់ប្ដូរពិតៗ សម្រាប់ម៉ាកយីហោរបស់យើង។

ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានធ្វើការកែប្រែលើនិមិត្តរូបសំខាន់ៗនៃរថយន្តរបស់ខ្លួន ។នៅលើផ្ទៃខាងក្រៅ ទាំងម៉ូដែល Ghost Black Badge និង Wraith Black Badge នឹងត្រូវធ្វើការផ្លាស់ប្ដូរស្រដៀងគ្នា ។ ការផ្លាស់ប្ដូរចាប់ផ្ដើមជាមួយនឹង «ទេវរូបស្ត្រីហោះហើរ» ដែលមិនត្រឹមតែផ្លាស់ប្ដូរការរចនាសណ្ឋាន និងវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្លាស់ប្ដូរពណ៌ផងដែរ ដើម្បីតំណាងឲ្យការស្រលាញ់ ចូលចិត្តភាពងងឺត។ ទេវរូបស្រីនោះប្រែក្លាយជានារី ពណ៌ខ្មៅភ្លឺរលោងចិញ្ចាច ដែលកំពុងតែបង្ហាញខ្លួននៅពេលរាត្រី ។

ការផ្លាស់ប្ដូរក៏បានអនុវត្តលើនិមិត្តរូបផ្សេងទៀតនៃម៉ូដែល Ghost Black Badge និង Wraith Black Badge ផងដែរ ។ អក្សរ R ឌុប នៅពីមុខពីចំហៀង និងនៅផ្នែកខាងក្រោយ របស់ស៊េរី Black Badge បានប្រែទៅជាពណ៌ទឹកប្រាក់ នៅលើផ្ទៃខ្មៅវិញ ។ ចំណែកឯផ្នែកដែលមានពណ៌ក្រូម ដូចជាប៉ាណាខាងមុខ គូទរថយន្ត ប្រហោងកាងខាងក្រោម និងស៊ីម៉ាង បានប្រែជាពណ៌ក្រម៉ៅ ។  
រថយន្តស៊េរី Black Badge នឹងតម្រូវឲ្យការផលិតរថយន្តពណ៌ខ្មៅ កាន់តែក្រាស់ដិតមួយកម្រិតទៀត ។ ថ្នាំ និងវ៉ែនី ជាច្រើនស្រទាប់ សម្រាប់ការបង្កើតរថយន្តស៊េរី Black Badge ពណ៌ខ្មៅ នឹងត្រូវដុសខាត់ដោយដៃជាច្រើនលើកច្រើនសា ហើយនេះជាដំណើរការដុសខាត់ពណ៌ដែលប្រើប្រាស់ពេលវេលា និងផ្ចិតផ្ចង់បំផុត ។ លទ្ធផលដែលទទួលបានគឺ ពណ៌ខ្មៅ ដែលដិត និងហាប់ ខ្លាំងជាងគេបំផុត បើធៀបនឹងពណ៌ខ្មៅធម្មតាសម្រាប់ផ្ទៃរថយន្តទូទៅ ។

ទោះជាយ៉ាងណា ដោយសារតែរថយន្តច្នៃកុម្ម៉ង់បែប Bespoke គឺជារថយន្ត Rolls-Royce ដូច្នេះហើយ អតិថិជនអាចកុម្ម៉ង់ជ្រើសរើសយកពណ៌ដែលពួកគាត់ចង់បាន សម្រាប់ផ្ទៃខាងក្រៅ និងពណ៌ស្បែកខាងក្នុង សម្រាប់រថយន្តម៉ូដែល Ghost Black Badge និង Wraith Black Badge របស់គាត់។ ផ្នែកខាងក្នុងស៊េរី Black Badge គឺមានបំពាក់នូវបរិក្ខាប្រណីតបែបអវកាស និងសញ្ញាបង្ហាញពីសមត្ថភាពឥតដែនកំណត់ ។ចំណុចសំខាន់នៃកាប៊ីនផ្នែកខាងមុខនៃរថយន្តស៊េរី Black Badge គឺផ្ទៃដែលធ្វើពីសសៃកាបូន ផ្សំនឹងអាលុយមីញ៉ូម ដែលមានគុណភាពលំដាប់អវកាស ហើយសមាសធាតុនេះមានតែនៅលើផ្ទៃយន្តហោះបំបាំងកាយប៉ុណ្ណោះ៕