(ភ្នំពេញ)៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយ មនុស្សចំនួន២នាក់ទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិបានប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។
នេះបើតាមការឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
លោក ឃួង ស្រេង បានបញ្ជាក់ថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖
*ទី១៖ ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី
*ទី២៖ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់
*ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។
លោក ឃួង ស្រេង បានអះអាងថា បន្ទាប់ទទួលបានពាក្យស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរ សៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសទទួលស្គាល់ពួកគេទាំង៣រូប ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕