(កំពង់ឆ្នាំង)៖ កំណាត់ផ្លូវលេខ៥២ពីចំណុចដើមច្រកែង ចុះមកមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានប្រវែង២,៧០០ម៉ែត្រដែលជាផ្លូវក្រាលគ្រួសក្រហម ពេលនេះកំពុងកសាងឲ្យក្លាយជាផ្លូវក្រាលកៅស៊ូ និងចាក់បេតុងហើយ។ នេះបើតាមការបញ្ជាក់ ពីអាជ្ញាធរឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា កំណាត់ផ្លូវលេខ៥២ ពីចំណុចដើមចង្កែង ចុះទៅដល់មាត់កំពង់ទឹក មានប្រវែង ២,៧០០ម៉ែត្រ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្ដើមកសាងជាថ្មី ឲ្យក្លាយជាផ្លូវក្រាលកៅស៊ូ និងផ្លូវចាក់បេតុង ដែលកំពុងអនុវត្តកសាងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
លោកមេឃុំបានបញ្ជាក់ថា ផ្លូវដែលត្រូវបានស្ថាបនាជាថ្មីដោយលើកកម្ពស់ឲ្យខ្ពស់ជាងផ្លូវចាស់ កម្ពស់១ម៉ែត្រ មានប្រវែង២,៧០០ ម៉ែត្រ។ ក្នុងនោះធ្វើជាផ្លូវចាក់កៅស៊ូ ២,២០០ម៉ែត្រ និងនៅសល់៥០០ម៉ែត្រ ជាផ្លូវចាក់បេតុងព្រោះផ្លូវ ៥០០ម៉ែត្រនេះ ជាប់មាត់ទឹក ខ្លាចក្រែងមានការបាក់ស្រុត។
លោកមេឃុំបានបញ្ជាក់បន្ថែមទៀយថា ផ្លូវមួយខ្សែនេះតាំងពីដើមមកពុំដែលមានផ្លូវល្អបែបនេះទេ ទើបតែបច្ចុប្បន្ន ដែលមានការអភិវឌ្ឍគ្រប់ទីកន្លែងសង្ឃឹមថាក្រោយពីផ្លូវនេះកសាងរួចរាល់ ឃុំឆ្នុកទ្រូ និងមានការរីកចម្រើនជាពុំខាន។ ហេតុនេះហើយ ក្នុងនាមអាជ្ញាធរឃុំ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអរគុណដល់គណៈអភិបាលខេត្ត និងក្រសួងសាធារណការដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ឃុំឆ្នុកទ្រូ ឲ្យបានកាន់តែប្រសើរឡើង។
សូមបញ្ជាក់ដែរថា កំណាត់ផ្លូវលេខ៥២ បានតភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចមុខផ្សារពន្លៃ ចុះទៅមាត់កំពង់ទឹក ឆ្នុកទ្រូ មានប្រវែង ៩គីឡូម៉ែត្រ កន្លងមកក្រសួងសាធារណការ បានធ្វើផ្លូវនេះបានមួយចំនួនធំហើយ និងបើការសាងសង់លើកនេះប្រវែង ២,៧០០ម៉ែត្រទៀត គឺផ្លូវនេះនឹងបានល្អ ប្រជាពលរដ្ឋពិតជាមានការសប្បាយចិត្តក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗងាយស្រួល និងរហ័សទាន់ចិត្តទៀតផង៕