(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០ កេសផ្សេងទៀត ជូនដល់មណ្ឌលសុខភាពសាមគ្គី មណ្ឌលសុខភាពបឹងធំ មណ្ឌលសុខភាពព្រៃវែង និងមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ សម្រាប់គ្រូពេទ្យពិសា និងចែកជូនពលរដ្ឋដែលទៅទទួលវ៉ាក់សាំង បង្ការវីរុសកូវីដ-១៩។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ការបរិច្ចាគនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលកំពុង ដំណើរការ យ៉ាងសកម្មក្នុងការបរិច្ចាគទឹកបរិសុទ្ធដល់ស្ថាប័ននានា ជាពិសេសមន្ទីរពេទ្យ និងអធិការដ្ឋាននគរបាល ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។
លោកស្រី វេង សំបុល ប្រធានមណ្ឌលសុខភាពសាមគ្គី បានឱ្យដឹងដែរថា មន្ទីរពេទ្យលោកស្រី មិនមានលទ្ធភាពទិញទឹកបរិសុទ្ធ ជូនអ្នកមកទទួលសេវា នៅមន្ទីរពេទ្យនេះ ឡើយ។ ប៉ុន្តែការបរិច្ចាគទឹកបរិសុទ្ធរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើឲ្យមន្ទីរពេទ្យលោកស្រីមានឱកាសផ្ដល់សេវាកម្មឲ្យកាន់តែប្រសើរជាងមុនតាមរយៈការមានទឹកបរិសុទ្ធ ចែកជូនពលរដ្ឋកម្ពុជាពិសា ខណៈកំពុងអង្គុយរងចាំទទួលវ៉ាក់សាំង។
ត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភដល់មន្ទីរពេទ្យចំនួន៨ ក្នុងចំណោមមន្ទីរពេទ្យទាំង១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ។ ក្រុមហ៊ុននឹងបន្តចែកជូនមន្ទីរពេទ្យចំនួន៥បន្ថែមទៀតនាពេលខាងមុខ។
សូមជម្រាបជូនថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា វិនិយោគលើច្រើនវិស័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតស្រាបៀរ កម្ពុជា ស្រាបៀរ Kudo ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធ តែជាផលិតផលមានការគាំទ្រ ខ្លាំងនៅក្នុងទីផ្សារ៕