(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រទានព្រះរាជសារមួយ ដោយថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជួសជុលកែលម្អមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ។

ក្នុងព្រះរាជសារដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន ព្រះមហាក្សត្រី បានមានព្រះបន្ទូលថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានឱ្យមានការជួសជុលកែលម្អមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបរមរនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្អស់បំផុត នៅលើសួនច្បារខាងកើតវិមានឯករាជ្យ ឱ្យមានសោភ័ណភាពល្អប្រសើរ»

ព្រះមហាក្សត្រី ទ្រង់បានសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា ទាំងអស់ ដែលបានខិតខំប្រមូលផ្តុំធនធានជាតិ ពុះពារជំនះរាល់ការលំបាក នៅក្នុឆ្នាំ២០១៣ កសាងសម្រេចបាន មណ្ឌបព្រះបរមរូប ព្រះកុរណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដ៏ស្កឹមស្កៃ និងល្អត្រចះត្រចង់ តាមលំនាំរចនាបថវប្បធម៌ជាតិ ប្រកបដោយជោគជ័យ ដើម្បីឧទ្ទិសថ្វាយព្រះរាជគុណូប្បការៈដ៏ធំថេង និងទុកជាអនុស្សាវរីយ៍ការចងចាំជារៀងរហូត ចំពោះព្រះកិត្តិនាមរបស់ព្រះអង្គ ដែលបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ចំពោះប្រទេសជាតិ សាសនា និងប្រជារាស្រ្តកម្ពុជា ជាកូនចៅ ចៅទូតជាទីស្រលាញ់របស់ព្រះអង្គ។

ព្រះមហាក្សត្រី បានប្រសិទ្ធពរដ៏ល្អបវរ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ទទួលបានមហាជោគជ័យថ្មីៗទៀត និងបានប្រកបដោយពុទ្ធពរទាំង៤ គឺអាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រី៖