(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសជូនសាធារណជនតាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News នៅពេលនេះថា «រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ, ពោលគឺមិនមានបំរាមគោលចរនៅពេលនេះទេ»

លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!»

ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!,

នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕