(ភ្នំពេញ)៖ ដោយមើលឃើញថាមានបងប្អូនប្រជាពលរដ្ឋជាគ្រួសារ សាច់ញាតិ របស់កងទ័ព ដែលបានអញ្ជើញទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ នៅមន្ទីរពេទ្យព្រះតុមាលា រហូតធ្វើឲ្យមានការ បាត់បង់សណ្តាប់ធ្នាប់ នូវការអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលផងនោះ គណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យព្រះកេតុមាលា បានស្នើសុំទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការអន្តរាគមន៍។
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់របស់លោកនាយនាយឧត្តមសេនីយ៍ សៅ សុខា ភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញចំនួន១៩នាក់ ចុះអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនដែលទៅទទួលវ៉ាក់សាំង ឲ្យបំបែកការប្រមូលផ្តុំ គោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបានឆ្លៀតឱកាស ធ្វើការចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង តាមរយៈឧគ្ឃោសនស័ព្ទ បំពាក់នៅលើម៉ូតូកង់បី ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ និងកំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ៕