(ភ្នំពេញ)៖ ពលរដ្ឋខ្មែរម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយរស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ ដែលទទួលមរណភាពថ្មីទៀតនេះ មានអាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រូបគេជាអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ទី៣ ដែលបានស្លាប់នៅថ្ងៃទី៣១ ខែមីនានេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ហើយស្ត្រីខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដែរ។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកដំបូង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៤៖៥០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវី១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕