(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់ ដែលចាក់ទៅលើក្រុមមនុស្ស ដែលដល់វេនចាក់ ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) គឺបានរៀបចំផែនការមេ ដោយពង្រីកទាំងទីតាំងចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ។
ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចំនួន៥ រួមមាន ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារ កាំបូឌីយ៉ាណា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
លោកស្រីបានបញ្ជាក់ថា «បច្ចុប្បន្នយើងមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១០៩កន្លែង ដែលសន្ទុះនៃការចាក់ជូនប្រជាពលរដ្ឋ ចំណុះប្រហែលបានចំនួន៣០ម៉ឺននាក់ ក្នុងមួយខែ។ កម្លាំងយើង ធ្វើបច្ចុប្បន្នប៉ុណ្ណឹង មិនសមស្របទៅតាមលឿន នៃការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ។ ដូច្នេះអ្វីដែលយើងចង់ឃើញ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកចង់ឃើញ ប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំង ឱ្យបានកាន់តែឆាប់បំផុត តាមដែលអាចធ្វើបាន នៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការវាយលុក ឬកំពុងចរាចរណ៍យ៉ាងសកម្ម ពិសេសពួកបម្លែងថ្មី»។
ដូចច្នេះតាមផែនការមេ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល គ្រោងនឹងពង្រីកកន្លែងចាក់វ៉ាក់សំាង ពី ១០៩កន្លែង ទៅ២៥០កន្លែង នឹងត្រូវការកម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ជួយក្នុងការចាក់ចំនួន ២,៥០០នាក់ ដើម្បីចាក់ឱ្យបានពី១លានដូស ទៅ១,៥លានដូស ក្នុងមួយខែនេះ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដទៀតថា «បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យយើងមានប្រហែល ៩០០នាក់ ដូច្នេះត្រូវការស្វែងរកកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដបន្ថែម ដោយយើងបានកៀរគរ នូវកម្លាំងសរុបរបស់យើង ដោយប្រើប្រាស់នូវកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដ ដោយនៅពេលនេះយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ ធីតា (គ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ) ដែលកំពុងជួយយ៉ាងសកម្មជាទីបំផុត នៅក្នុងការប្រមូលសំណាក និងចាក់វ៉ាក់សាំងផង។ ក្រៅពីលោកគ្រូពេទ្យស័្មគ្រចិត្ដសម្ដេចតេជោ ធីតា យើងមានកម្លាំងស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), កម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដខាងយោធា ដើម្បីឱ្យការចាក់វ៉ាក់សំាងនេះ មានសន្ទុះឡើងទៅតាមគោលដៅដែលបានកំណត់ យ៉ាងហោចណាស់១លានដូស ក្នុងមួយខែ និងអាចធ្វើបានច្រើនជាងនេះ»៕
ខាងក្រោមនេះជាការពន្យល់របស់លោកស្រី ឱ វណ្ណឌីន៖