(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ។ នេះបើយោងតាមលិខិតជូនពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ប្រមុខរដ្ឋស្តីទី បានជូនពរយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាខ្ញុំ សូមគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការក្នុងឱកាសដ៏មហា នក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលខាងមុខនេះ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ»។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមវាយតម្លៃ និងសូមសម្តែងនូវមោទនភាព និងសូមកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ប្រទេសជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញលេញ ប្រជាជនមានជីវភាពសម្បូរសប្បាយ និងជឿជាក់។ កិត្យានុភាពនិងឧត្តមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក តាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់របស់សម្តេច។ ពិសេសស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំកន្លងមកនេះ សម្តេចបានខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
សម្តេចប្រមុខរដ្ឋស្តីទី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី
នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះ ជាលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖