(ភ្នំពេញ)៖ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «ផ្ទៃក្នុងរបស់ខ្លួននឹងចុះខ្សោយ បើនៅតែមានមន្ត្រីក្នុងបក្សកាងតំណែងតួនាទី ដូចសព្វថ្ងៃនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ The Cambodia Daily នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។

The Cambodia Daily បានផ្សាយថា អតីតអគ្គលេខាធិការ នៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោក ប៉ុន សៅរី លើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ នឹងបាត់បង់ធនធានមនុស្សជំនាន់ក្រោយដែលល្អៗ និងមានសមត្ថភាពជាបន្តបន្ទាប់ «បើបក្សមួយនេះនៅមានវប្បធម៌កាងតួនាទីក្នុងបក្ស» ហើយជាងនេះទៅទៀត នឹងធ្វើឱ្យផ្ទៃក្នុងអតីតគណបក្សនេះ ចុះទន់ខ្សោយឈានទៅរកការបែកបាក់ថែមទៀតនៅពេលអនាគតជាក់ជាមិនខាន។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីអតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ៣នាក់ ដែលម្នាក់មានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជា អតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី និង២នាក់ទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែអស់ជំនឿលើអតីតមេដឹកនាំរបស់ខ្លួន។

លោក ប៉ុន សៅរី បានលើកឡើងថា លោកធ្លាប់បានប្រាប់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ពីការព្រួយបារម្ភរបស់លោកថា «មានមេដឹកនាំជាន់ខ្ពស់មួយ ចំនួននៅក្នុងគណបក្សប្រឆាំងសុទ្ធសឹងតែជា មនុស្សដែលគ្មានសមត្ថភាពហើយចង់បានតែតួនាទីប៉ុណ្ណោះ»

លោក ប៉ុន សៅរី អះអាងថា មនុស្សដែលគ្មាន សមត្ថភាពទាំងអស់នោះ បានប្រើវប្បធម៌ច្រណែនឈ្នានីស ប្រើវិធីមិនទាន់សម័យក្នុងការកាងតួនាទី ដោយសារតែខ្លាចបាត់បង់តំណែង មុខមាត់ចំពោះយុវជនជំនាន់ក្រោយ ដោយយកលេសចោទប្រកាន់យុវជនមានទស្សនៈល្អៗ ដែលផ្ទុយពីខ្លួនថា មានមោទនភាពលើខ្លួនឯងពេក ឬមិនចេះស្ដាប់បង្គាប់មេកើយជាដើម។

ដោយឡែកសមាជិកសំខាន់របស់អតីត CNRP លោក អ៊ាប សេង ក៏បានប្រាប់សារព័ត៌មាន The Cambodia Daily ដែរថា ការចុះចូលរបស់ក្រុមយុវជនគណបក្ស សង្គ្រោះជាតិ ជាមួយនឹងគណបក្សកាន់អំណាច ដោយសារតែកត្តារួមផ្សំជាច្រើនរួមមាន៖

ទី១៖ ភាពអស់សង្ឃឹមលើយុទ្ធសាស្ត្រនយោបាយមិនច្បាស់លាស់របស់មេដឹកនាំ។

ទី២៖ ពួកគេអាច យល់ឃើញថា មេដឹកនាំគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការតស៊ូដើម្បីការផ្លាស់ប្ដូររបបផ្ដាច់ការពិតប្រាកដ។

ទី៣៖ ពួកគេអាចមើលឃើញអំពីការបែកបាក់ផ្ទៃក្នុងរបស់បក្សកាន់តែរីកធំឡើងៗ គ្មានដំណោះស្រាយជាក់លាក់។

ទី៤៖ ពួកគេអាច យល់ឃើញថា ការបណ្ដែតបណ្ដោយឱ្យមានការជេរប្រមាថ លាបពណ៌ ទម្លាក់ក្រមសីលធម៌របស់សកម្មជនក្នុងបក្ស កាន់តែរីករាលដាលខ្លាំងឡើងៗនៅតាមបណ្ដាញសង្គមហ្វេសប៊ុកអីជាដើម។

ទី៥៖ អាចបណ្ដាល មកពីកត្តាជីវភាពនៃគ្រួសារបង្ខំ។

រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំសំខាន់ៗជាច្រើននៃអតីតគណបក្សសង្គ្រោះជាតិ បានផ្តាច់ខ្លួនពីអតីតបក្សនេះ ដោយមួយចំនួនបានបង្កេីតបក្សថ្មី និងមួយចំនួនទៀតចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៤រូបហើយ ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៤ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា និងគណបក្សកែទម្រង់កម្ពុជារបស់ លោក អ៊ូ ច័ន្ទរ័ត្ន ជាដើម៕