(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយចុះសួរសុខទុក្ខដល់កងកម្លាំងកងវិស្វកម្មលេខ ៧១៣, ៧១៤, កងវិស្វកម្មលេខ ៧៤ សរុបចំនួន ១៦៨នាក់ ដែលកំពុងឈរជើងបំពេញភារកិច្ចកសាងផ្លូវ និងស្ពាន នៅតាមព្រំដែនគោក ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោក វ៉ា ថន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងវិស្វកម្ម ត្រូវចេះការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានរបស់ករសួងសុខាភិបាល។ លោកលើកឡើងថា ឆ្នាំនេះមានការរីករាលដាលនូវជំងឺកូវីដ១៩ខ្លាំង ហើយជាចំណាត់ការរបស់រាជរដ្ឋាភិបាលគឺអនុញ្ញាតឲ្យចូលឆ្នាំ តែហាមមិនឲ្យប្រមូលផ្ដុំគ្នា មិនឲ្យលេងល្បែងប្រជាប្រិយនោះទេ។

លោក វ៉ា ថន បន្តថា សម្រាប់ខេត្តក្រចេះក៏បានណែនាំមិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាលេងល្បែងប្រជាប្រិយ និងបិទពេលយប់ដូចរាជធានីភ្នំពេញដែរ ដើម្បីបញ្ចៀសការជួបជុំគ្នា ដែលអាចឆ្លងកាន់តែធ្ងន់ធ្ងរ ពីព្រោះថា នៅក្នុងកំឡុងពេលចូលឆ្នាំនេះ និងមានប្រជាពលរដ្ឋឆ្លងពីខេត្តមួយ មកខេត្តមួយមកលេងផ្ទះ និងអាចអនុញ្ញាតឱ្យជុំឪពុកម្ដាយបានក្នុងគ្រួសារពីរទៅបីនាក់តែប៉ុណ្ណោះ និងហាមជួបជុំតាមវត្តអារាម តែអាចឱ្យជួបឪពុកម្ដាយបានធម្មតា ប៉ុន្តែមិនឲ្យទៅលេងល្បែងអីទេព្រោះជំងឺកូវីដនេះ មើលមិនឃើញនោះទេ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនកងវិស្វកម្មនេះរួមមាន៖

ទី១៖ កងកម្លាំងវិស្វកម្មលេខ៧១៣ ទទួលបាន អង្ករ៣០០គីឡូក្រាម, ត្រីខ ១កេសធំ, មី១៣កេសតូច, ទឹកត្រី៥យួរ, ស្ពៃចង្កឹះ៨គីឡូក្រាម, ស្ពៃក្ដោប១៥គីឡូក្រាម, ត្រឡាច ល្ពៅចំនួន២បេ, សាច់គោ១០គីឡូក្រាម, សាច់ជ្រូក១០គីឡូក្រាម, អាកុល១កេសធំ, ម៉ាស ១,០០០ម៉ាស និងថវិកាជូនអង្គភាពចំនួន៣លានរៀល។

ទី២៖ កងកម្លាំងវិស្វកម្មលេខ៧១៤ ទទួលបានអង្ករ៤០០គីឡូក្រាម, ត្រីខ ១កេសធំ, មី១៣កេសតូច, ទឹក៥យួរ, ស្ពៃចង្កឹះ៨គីឡូក្រាម, ស្ពៃក្ដោប១៥គីឡូក្រាម, ត្រឡាច ល្ពៅចំនួន២បេ, សាច់គោ១០គីឡូក្រាម, សាច់ជ្រូក១០គីឡូក្រាម, អាគុល១កេសធំ, ម៉ាស ១,០០០ម៉ាស និងថវិការចំនួន៣លានរៀល។

ទី៣៖ កងកម្លាំងវិស្វកម្មលេខ៧៤ ទទួលបានអង្ករ១០០គីឡូក្រាម, ត្រីខ៨យួរ, មី៤កេសតូច, ទឹកត្រី៣យួរ, ស្ពៃចង្កឹះ៥គីឡូក្រាម, ស្ពៃក្ដោប៥គីឡូក្រាម, ត្រឡាច ល្ពៅចំនួន៥បេ, សាច់គោ៥គីឡូក្រាម, សាច់ជ្រូក៥គីឡូក្រាម, អាគុលកន្លះកេសធំ, ម៉ាស៣០០ម៉ាស និងថវិការជូនអង្គភាពចំនួន១លានរៀល។

ទី៤៖ កងវរសេនាតូចយោធាការពារព្រំដែនគោកលេខ៤ ទទួលបានអាកុល១កេសធំ , ម៉ាស់១០០០ម៉ាស់, ថវិការជូនអង្គភាព២លាន ៥សែន និងផ្ដល់ជូនកងកម្លាំងវិស្វកម្ម ទាំង៣ ចំនួន១៦៨នាក់ ក្នុង១នាក់ ទទួលបានថវិកា ៤០,០០០រៀល៕