(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានយាងត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង ១ខែនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរបស់ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ។
ក្រៅពីនោះ ឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា មន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមេទ័ពរបស់កម្ពុជា ក៏មានការយាង និងអញ្ជើញ ទទួលព្រះរាជដំណើរផងដែរ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសពព្រះទ័យយាងទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃផងដែរ។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹកនាំក្រុងសៀងហៃ បានរៀបចំព្រះរាជពិធីទទួលព្រះរាជដំណើរព្រះអង្គយ៉ាងអធឹកអធម ដោយមានរំលេចនូវទង់ជាតិរបស់កម្ពុជាលើអគារខ្ពស់ៗក្នុងក្រុងសៀងហៃថែមទៀតផង។ ព្រះអង្គក៏បានយាង ទៅទស្សនកិច្ចទីតាំងបង្កើតបក្សកុម្មុយនិស្តចិន និងបានយាងទស្សនកិច្ច និងស្ងោយព្រះស្ងោយនៅភោជនីយដ្ឋានមួយ ដែលសម្តេច នរោត្តម សីហនុ បានយាងទៅកាន់កាលពីឆ្នាំ១៩៧៣ផងដែរ។
នៅភោជនីយដ្ឋាន លី ព័រឡាង (Lu Po Liang) ព្រះមហាក្សត្រខ្មែរ បានសោយព្រះស្ងោយ ១៤មុខ ដែលសម្តេច នរោត្តម សីហនុ និងព្រះមហាក្សត្រី បានសោយកាលពី ៤៨ឆ្នាំមុនផងដែរ៕