(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់មន្ត្រីរដ្ឋបាលក្រុងបាវិត សង្កាត់ទាំង៥ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តស្វាយរៀង រដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពុះពារយ៉ាងសស្រាក់សស្រាំគ្រប់បែបយ៉ាង ដើម្បីពិនិត្យ និងព្យាបាលជម្ងឺរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការងារគ្រប់គ្រងធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងជម្ងឺកូវីដ កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្រុងបាវិតប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ និងលទ្ធផលនៃការធ្វើតេស្តវិជ្ជមានកូវីដយ៉ាងច្រើននៅក្រុងបាវិត។ លោកបានអំពាវនាវឲ្យអ្នករកស៊ីទទួលទាន ប្រជាពលរដ្ឋ និងកម្មករ-កម្មការនីទាំងអស់នៅក្រុងបាវិត ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍តាមសេចក្តីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលចំពោះការឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី «៣ការពារ ៣កុំ» និងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់ខ្លួនតាមផែនការរបស់រដ្ឋបាលខេត្ត។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បាននាំយកមកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមមាន៖ អង្ករ ២តោន មីម៉ាម៉ា ៤៥កេសធំ ត្រីខ ៤៥កេសធំ ទឹកបរិសុទ្ធ ១០០កេស អាលកុល ២៥០លីត្រ ទឹក ផ្លែឈើ ២០កេស អាវពេទ្យ(PPE) ១៥០ របាំងមុខ ២៥០ ម៉ាស់ ៦០០០ ម៉ាស់ពេទ្យ(N95) ៥០០ ស្រោមជើងពេទ្យ ១០០គូរ អាវការពារបាញ់ថ្នាំសម្លាប់មេរោគ ៥ និងថវិកាមួយចំនួនទៀត ដោយត្រូវប្រគល់ និងបែងចែកជូន៖ ទី១/មណ្ឌលចត្តាឡីស័កក្រុងបាវិត ទី២/អធិការក្រុងបាវិត ទី៣/កងរាជអាវុធហត្ថក្រុង ទី៤/ផ្នែកសឹករងក្រុង ទី៥/មន្ទីរពេទ្យបង្អែកជីភូ និងទី៦/មណ្ឌលសុខភាពបាវិត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី និងក្រុមការងារ បានចុះពិនិត្យអគារដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំឡើងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដនៅអគារម៉ុកបាយ ព្រមទាំងបានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបាវិតផងដែរ៕