(ភ្នំពេញ)៖ នគបាលព្រណ្ឌនៃអធិការដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនឃាតកសម្លាប់រំលោភក្មេងប្រុសអាយុ១០ឆ្នាំ យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា ក្រោយការគេប្រទះឃើញសព កុមារារងគ្រោះនៅក្នុងព្រៃបឹងមួយនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កម្លាំងនគរបាលជំនាញ ក៏បានបើកការស្រាវជ្រាវភ្លាមៗ រហូតនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនជនដៃដល់បាននៅចំណុចវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីយកមកសាកសួរចម្លើយ។
ក្រោយទទួលបានចម្លើយសារភាព ថារូបគេសម្លាប់កុមារារងគ្រោះ ព្រោះតែខឹងប្អូនថ្លៃជីដូនរូបនេះ វាយក្បាលរូបគេមួយលើកជាពលើកហាមមិនស្តាប់។ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញ បាននាំខ្លួនជនដៃដល់ទៅដល់កន្លែងកើតហេតុវិញ ដើម្បីឱ្យធ្វើត្រាប់នូវសកម្មភាពដែលខ្លួនបានសម្លាប់ក្មួយប្រុសត្រូវបង្កើតរបស់ខ្លួននោះ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់រូបនេះមានឈ្មោះ អុន ភាម៉ុន អាយុ៣១ឆ្នាំ រស់នៅសង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ។
នៅចំពោះមុខមន្ដ្រីនគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឱ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។
ប្រតិបត្តិការនេះ គឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្នុងរង្វង់ប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនដៃដល់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ, ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គការ CPU។
គួររំលឹកថា ក្មេងប្រុសអាយុ១០ឆ្នាំ បានបាត់ពីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយត្រូវគេប្រទះឃើញសពនៅក្នុងព្រៃ បង្ករឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សង្ស័យជាករណីឃាតកម្ម។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុក ម្តាយ របស់ក្មេងអាយុ១០ឆ្នាំម្នាក់នេះ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។
សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ ក្រោយមកបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ទើបស្រាវជ្រាវរកឃើញក្មេងប្រុសខាងលើ ត្រូវគេសម្លាប់បាត់ទៅហើយ៕