(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំដល់មន្ទីរបរិស្ថាននៅតាមបណ្តាខេត្តទាំងអស់ ដែលមានគោលដៅនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ត្រូវតែអនុវត្តវិធានការបិទបណ្តោះអាសន្នឱ្យ មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។
បើតាមសេចក្តីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សេចក្តីណែនាំដដែល បានបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ត្រូវសហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់នូវរាល់ការធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពសេវាកម្មទេសចរណ៍ណាមួយនៅតាមគោលដៅទេសចរណ៍ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេលនៃការបិទជាបណ្តោះអាសន្ននេះជាដាច់ខាត។
បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននឹងកំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៧៤កន្លែង ដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន២១ របស់ប្រទេសកម្ពុជា ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង មិនមានតំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ គឺមានតំបន់មួយចំនួនមានសក្តានុពលផ្នែកទេសចរណ៍ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ទីតាំង ត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតនៅ ក្នុងតំបន់ការពារធម្មជាតិ។
តំបន់ទេសចរណ៍ទាំងនោះដូចជា៖ រមណីយដ្ឋានទេសចរណ៍គិរីរម្យ ខេត្តកំពង់ស្ពឺ, ភ្នំគូលែន ខេត្តសៀមរាប ទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់, សហគមន៍ទេសចរណ៍ធម្មជាតិជីផាត ខេត្តកោះកុង, ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី, បឹងយក្ខឡោម បឹងលម្កុដ ខេត្តរតនគិរី ជាដើម៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន៖